Friday, February 3, 2017

ព្រះ​ជិនរង្សី​រាជិក​នរោត្ដម

ហាមយកឯកសារនេះទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត
រៀបរាងដោយៈ លោក ឯក ច័ន្ទដារ៉ារិទ្ធ

មគ្គុទ្ទេសក៍ក្រសួងព្រះបរមរាជវាំង
ព្រះ​ជិនរង្សី​រាជិក​នរោត្ដម តម្កល់​ក្នុង​បុស្បុក​នា​ព្រះ​វិហារ​ព្រះ​កែវ​មរកត​រតនា​រាម
ព្រះ​ពុទ្ធ​រូប​ទ្រង់​ឈរ​មួយ​ព្រះ​អង្គ​ធំ​នេះ ទ្រង់​តាំង​ក្នុង​បុស្បុក​ធំ​មួយ ដែល​សាង​ឡើង​ដោយ​ព្រះ​ករុណា ព្រះ​រាជានុកោដ្ឋ តាម​ព្រះ​រាជ​បណ្ដាំ​នៃ​ព្រះ​ករុណា ព្រះ​សុវណ្ណ​កោដ្ឋ ដែល​ជា​សម្ដេច​ព្រះ​ជេដ្ឋា​ ក្រោយ​ព្រះ​អង្គ​សុវណ្ណគត​។

ព្រះ​ពុទ្ធ​រូប​នេះ​សាង​ឡើង​អំពី​មាស​សុទ្ធ​ដែល​មួយ​ទម្ងន់​៩០​គីឡូ​ក្រាម (រួម​ទាំង​ជើង​ទ្រ និង​ឆ័ត្រ​រួត​ខាង​លើ​) ព្រះ​ទាំង​មាន​ដាំ​ត្បូង​ពេជ្រ​ទាំង​តូច​ទាំង​ធំ​ចំនួន​សរុប​ទាំង​អស់​២០៨៦​គ្រាប់​ពេជ្រ។ ត្បូង​ដែល​ធំ​ជាង​គេ គឺ​ស្ថិត​នៅ​លើ​ម្កុដ​មាន​ទំហំ​២៥​ការ៉ាត និង​បន្ទាប់​មក​ពេជ្រ​នៅ​លើ​ព្រះ​សុរង​មាន​ទំហំ​២០ការ៉ាត ​។

ព្រះ​ពុទ្ធ​រូប​នេះ​សាង​ឡើង​ក្នុង​គ្រា​ គ.ស.​១៩០៤ ដោយ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ចម​ចក្រ​ពង្ស ព្រះ​រាជានុកោដ្ឋ តាម​ព្រះ​រាជ​បណ្ដាំ​របស់​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម ព្រហ្ម​បរិរក្ស ព្រះ​សុវណ្ណ​កោដ្ឋ​។ មុន​ពេល​ព្រះ​អង្គ​ចូល​សុវណ្ណគត (ព្រះ​សុវណ្ណកោដ្ឋ) ព្រះ​អង្គ​មាន​ព្រះ​រាជ​បន្ទូល​ផ្ដាំ​ថា «​ក្រោយ​ពេល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ​ហើយ ត្រូវ​យក​កោដ្ឋ​មាស​មក​រំលាយ​ដើម្បី​ធ្វើ​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះ​អង្គ​តំណាង​ឲ្យ​ព្រះ​ស្រីអារ្យ​មេត្រី​​»។

ព្រះ​ករុណា​ព្រះ​រាជានុកោដ្ឋ ដែល​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ​ជេដ្ឋា​នោះ ព្រះ​អង្គ​បាន​ចាត់​ចែង​តាម​ព្រះ​រាជ​បណ្ដាំ​ដោយ​សាង​ព្រះ​ពុទ្ធ​រូប​នេះ​ឡើង​ ដើម្បី​ឧទ្ទិស​មគ្គ​ផល​ថ្វាយ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម (ព្រះ​សុវណ្ណកោដ្ឋ​) សូម​ឲ្យ​ព្រះ​អង្គ​បាន​ទាន់​ព្រះ​ស្រីអារ្យមេត្រី ក្នុង​ឆ្នាំ​៥០០០ នៃ​ពុទ្ធ​សករាជ ហើយ​បាន​ព្រះ​រាជ​ទាន​ព្រះ​នាម​ព្រះ​ពុទ្ធ​រូប​អង្គ​ថ្មី​នៃ​ព្រះ​នគរ​នេះ​ថា «​ព្រះ​ជិនរង្សី​រាជិក​នរោត្ដម​»​៕

អត្ថបទដោយ

No comments:

Post a Comment