Wednesday, March 22, 2017

ព្រះរាជសង្ហារ

ហាមយកឯកសារនេះទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត
រៀបរាងដោយៈ លោក ឯក ច័ន្ទដារ៉ារិទ្ធ


ព្រះសង្ហារ ឬ សញ្ញាជាតិ គឺជាត្រាប្រពៃណី និង ផ្លូវការសម្រាប់ព្រះចៅ ក្រុង កម្ពុជាធិបតីគឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយមានរូបសញ្ញាសំខាន់ៗ និង អត្ថន័យដូចតទៅ៖
•ពន្លឺឆពណ្ណរង្សី ៖ នៅពីលើ តំណាងឲ្យបារមីរបស់ព្រះមហាក្សត្រ ដែលទ្រង់គ្រប់គ្រងប្រជានុរាស្ត្រប្រកបដោយទសពិធរាជធម៌ និង តំណាងឲ្យអរិយធម៌ខ្មែរ ដ៏ត្រចះត្រចង់ រុងរឿង។
•មកុដរាជ្យ ៖ តំណាងឲ្យមន្ត្រីរាជការ និង ប្រជារាស្ត្រទាំងអស់គាំទ្រ និង លើកស្ទួយព្រះមហាក្សត្រ ឲ្យគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា។
•ព្រះខ័នរាជ្យ ៖ នៅក្រោមមកុដរាជ្យ តំណាងឲ្យអំណាចនៃអាវុធ ដ៏ស័ក្ដិសិទ្ធិបំផុតសម្រាប់ព្រះមហាក្សត្រគ្រងរាជ្យ ក្នុងសន្តិភាព និង យុត្តិធម៌។
•សញ្ញា ៖ នៅពីលើព្រះ ខ័នរាជ្យ តំណាងឲ្យភាពនៃជោគជ័យ និង ការអភិវឌ្ឍន៍រីកចម្រើនជានិច្ចនិរន្តន៍សម្រាប់ ព្រះរាជាណាចក្រកម្ពុជា។
•ជើងពាន ៖ ទ្រព្រះ ខ័នរាជ្យ តំណាងឲ្យបល្ល័ង្ករាជ្យដែលជាអាសនៈ កិត្តិយស និងដ៏ពិសិដ្ឋបំផុតសម្រាប់ព្រះមហាក្សត្រ ទ្រង់គង់នៅថ្ងៃដែលរៀបចំក្នុងពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ។
•រាជបល្ល័ង្ក ៖ តំណាងឲ្យព្រះមហាក្សត្រដែលជាទីសក្ការ ព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទាំងអស់នៅក្នុងព្រះនគរ ពីព្រោះព្រះមហាក្សត្រទ្រង់បានគ្រប់គ្រងប្រទេសប្រកបដោយទសពិធរាជធម៌ ដែលជាប្រភពផ្ដល់នូវថាមពលខាងស្មារតី និង សម្ភារៈសម្រាប់ប្រទេសជាតិក្នុងការអភិវឌ្ឍន៍ និង និរន្តរភាព។
•ក្សេតរឆ័ត្រទាំងពីរ (ឆ័ត្ររួត)  ៖ ដែលបានបាំងគ្របជាកិត្តិយសពីលើបល្ល័ង្ក តំណាងឲ្យអំណាចព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងការគ្រប់គ្រងរបស់ព្រះមហាក្សត្រក្នុងព្រះ រាជវង្សនៃមហានគរខ្មែរ ដែលព្រះអង្គជាអ្នកថែរក្សាប្រជារាស្ត្រ ហើយក៏តំណាងឲ្យភពទេវៈទាំងប្រាំបួន ដែលមានទេវតាប្រកបដោយបារមី និង ឫទ្ធិអំណាចនៅចាំគ្រប់គ្រងថែរក្សាព្រះមហាក្សត្រជាប្រចាំ។
•រាជសីហ៍និងគុជសីហ៍ ៖ ឈរកាន់ក្សត្រឆ័ត្រទាំងពីរ តំណាងឲ្យអំណាច និង មហិទ្ធិឫទ្ធិនៅក្នុងរបបរាជាធិបតេយ្យកម្ពុជា និង តំណាងឲ្យព្រះសុពណ៌បាទុកា (ទ្រនាប់ជើងមាស) ទាំងពីរក្នុងចំណែកមួយនៃកេតនភណ្ឌទាំងប្រាំយ៉ាងសម្រាប់រៀបចំពិធីអភិសេកព្រះរាជាទ្រង់ឡើងគ្រងរាជ្យ និង តំណាងឲ្យកម្លាំងរបស់ប្រជារាស្ត្រខ្មែរនៅជុំវិញព្រះរាជបល្ល័ង្ក។
•ពាក្យ “ព្រះចៅ ក្រុង កម្ពុជា” ៖ តំណាងឲ្យអធិបតីភាពនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

រួមមកសញ្ញាជាតិ មានអត្ថន័យបង្ហាញពីអំណាច និង យុត្តិធម៌នៃអរិយធម៌ខ្មែរដែលមានការចូលរួមការពារពីកម្លាំងប្រជារាស្ត្រ នៅជុំវិញរាជបល្ល័ង្កព្រះមហាក្សត្រ ព្រមទាំងបង្ហាញពីជំនឿ និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ ក្នុងការ គោរពចំពោះព្រះមហាក្សត្រ។ លើសពីនេះទៅទៀតសញ្ញាជាតិ មានសារសំខាន់ខ្លាំងណាស់ព្រោះបានបង្ហាញឲ្យឃើញថាព្រះរាជាណាចក្រកម្ពុជា ជាប្រទេសឬជាតិសាសន៍មួយ មានអត្តសញ្ញាណជាតិរបស់ខ្លួន និង មានអធិបតីភាព មិនចំនុះជាតិសាសន៍ណាមួយឡើយ៕

No comments:

Post a Comment