ជាទូទៅរៀងរាល់ពេលមើលរូបចាស់ៗរបស់នគរកម្ពុជាយើងម្ដងៗ ខ្ញុំតែងតែនឹកស្រណោះដល់ភាពរុងរឿងកាលពីអតីតរបស់ផែនដីនេះជាពន់ពេក។ បើទោះបីជាថាសម័យនោះមិនមានការរីកចម្រើន (សម័យនេះរីកចម្រើន?) ដូចសម័យបច្ចុប្បន្ននេះក៏ដោយ ការរៀបចំស្រុកទេស និងការអភិវឌ្ឍន៍នានាមានលក្ខណៈគួរជាទីមោទនភាពជាងសម័យបច្ចុប្បន្ននេះឆ្ងាយណាស់។
ខ្ញុំទើបតែប្រទះរូបភាពមួយនៃព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ ពីប្លក់លោក ជា ផល ក៏គិតនឹកឃើញសរសេរប្រកាសនេះមួយឡើង។ បើនិយាយពីរឿងភ្នំបូកគោ ឯទឹកដីខេត្តកំពតនោះ ទីនេះមានប្រវត្តិដិតដាមច្រើនណាស់ជាមួយនិងអតីតព្រះមហាក្ស័ត្រិយ៍ខ្មែរ ព្រះករុណាព្រះបាទសម្ដេច ព្រះសិរីសុវត្ថិ មុនីវង្ស ឬហ្លួងខត្តិយកោដ្ឋ ជីតាទួតរបស់ព្រះមហាក្ស័ត្រិយ៍យើងសព្វថ្ងៃនេះ។
ភ្នំបូកគោ នាអតីតកាលគឺប្រាកដណាស់ជាស្ថានសួគ៌មួយរបស់ស្រុកខ្មែរ សម្បត្តិនៃផែនដីសុវណ្ណភូមិ ជាទីដែលព្រះបាទសិរីសុវត្ថិ មុនីវង្ស ទ្រង់គង់ប្រថាប់សម្រាកព្រះកាយរហូតដល់ទ្រង់ចូលសុវណ្ណគត ដោយសារតែទ្រង់ឈឺចាប់ និងតូចព្រះទ័យ ដែលប្រទេសសៀមកាលណុះ (បច្ចុប្បន្នថៃ) តែងតែទន្ទ្រានម្ដងហើយម្ដងទៀត ឈ្លានពាន និងដណ្ដើមយកទឹកដីកម្ពុជប្រទេស ដោយមានប្រទេសយីប៉ុន គាំទ្រ។
តាមប្រវត្តិសាស្ត្របានឲ្យដឹងថា នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។ ប្រទេសសៀមដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន ហើយនៅទីបំផុតបានកៀបសង្កត់ទៅលើប្រទេសបារាំង ដណ្ដើមយកទៅវិញនូវខេត្ដបាត់ដំបង និងទឹកដីស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ (grade)ទី១៥។
ដោយឈឺព្រះទ័យ នឹងការរំលោភពីសំណាក់សៀមនេះ ព្រះរាជសុខភាពត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់សោយទីវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅបូកគោនេះឯងក្នុងព្រះជន្មាយុ ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។
រូបភាពខាងក្រោម (ទី១) នេះ គឺជារូបភាពនៃអតីតព្រះរាជតំណាក់របស់ព្រះអង្គ ដោយមានដាក់អក្សរជាភាសាបារាំងសេស (កាលណុះនគរខ្មែរស្ថិតនៅក្រោមចំណុះប្រទេសបារាំង) ថា RESIDENCE DE S.M. MONIVONG ឬដែលប្រែសេចក្ដីជាខេមរភាសាថា ព្រះរាជតំណាក់ ព្រះករុណា មុនីវង្ស។ ព្រះរាជតំណាក់នេះហើយ បើតាមខ្ញុំស្មានគឺជាស្ថានដែលព្រះអង្គបានចូលសុវណ្ណគត នៅលើកំពូលភ្នំនៃស្ថានសួគ៌កម្ពុជានេះ។ ក្រោយមករាជការបានកែប្រែទៅជាអាគារសាលាក្រុងបូកគោ បន្ទាប់ពីទ្រង់សោយទិវង្គតទៅ។
យើងមិនបាច់និយាយពីសង្គ្រាមទេ នៅកម្ពុជា នរណាៗក៏ដឹងដែរពីរឿងនេះ។ ព្រះរាជតំណាក់ជាប្រវត្តិសាស្ត្រមួយនេះត្រូវបានបោះបង់ និងខូចខាតស្ទើរទាំងស្រុង ហើយដែលទើបតែត្រូវបានជួសជុលឡើងវិញនាពេលថ្មីៗនេះមិនយូរប៉ុន្មាន ហើយអ្វីដែលអនិច្ចានោះ អាគារនេះមិនមែនជារបស់រាជការទៀតហើយ។ វាជារបស់កម្មសិទ្ធិឯកជនផ្ដាច់មុខ។
បើទោះជាទីតាំង និងអាគារផ្សេងៗត្រូវបានជួលទៅឲ្យពួកឯកជនក្ដី ខ្ញុំថា រាជការគួរតែប្រគល់អាគារដោយឡែកមួយនេះ ជូនទៅខាងរាជវាំងវិញ ឬយ៉ាងហោចណាស់កែប្រែអាគារនេះជាសារមន្ទីរ ដើម្បីរំឭកដល់កាលគ្រាមួយនៃប្រវត្តិសាស្ត្រដ៏រុងរឿងនៃអាគារនេះ ដែលធ្លាប់ជាភិរម្យស្ថាននៃស្ដេចផែនដីខ្មែរ ដើម្បីជាទុកជាកេរតំណែលរឭកទៅដល់ព្រះមហាករុណាទិគុណរបស់ព្រះអង្គ និងដើម្បីជាចំណេះដឹង, ការសិក្សាស្រាវជ្រាវ ផ្សេងៗរបស់មនុស្សខ្មែរជំនាន់ក្រោយ។
សង្ឃឹមថាសុបិនរបស់ខ្ញុំនៃការកែប្រែអាគារនេះក្លាយជាការពិតចុះ បើទោះបីជាត្រូវចំណាយពេលយូរច្រើនឆ្នាំក៏ដោយ៕
រូបបានមកពី៖ www.cheaphal.com
No comments:
Post a Comment