Saturday, August 15, 2020

ព្រះទម្រង់អសិ(ដាវ)មាស

អត្ថបទដកស្រង់ចេញពី

👉ព្រះទម្រង់អសិមាស ឬ ព្រះសែងយីប៉ុន(ជប៉ុន)ជាព្រះទម្រង់អសិ(ដាវ)មាសមួយប្រភេទ ដែលមានដងនិងស្រោមធ្វើពីមាស បណ្តោយផ្លែប្រវែង ៦៦សង់ទីម៉ែត្រ និង ទទឹងផ្លែ ២.៥ សង់ទីម៉ែត្រ ​មានក្បាំងមូលបែបក្បាំងដាវជប៉ុន ស្រោបមាស ដាំត្បូងទទឹមជុំវិញ មានដងប្រវែង២៤.៥សង់ទីម៉ែត្រ ស្រោបមាសហើយចាក់ស្រេះដោយខ្សែរសូត្រពណ៌មាស។ ស្រោមមាសមានក្បាច់ប្រវែង៦៧.៥សង់ទីម៉ែត្រ នៅលើស្រោមពីខាងស្តាំមានបង្កប់កាំបិតតូច១ ប្រវែង២៦សង់ទីម៉ែត្រ ដងមាស។
ព្រះទម្រង់នេះប្រើប្រាស់សម្រាប់ហែរតាមព្រះមហាក្សត្រគ្រប់ទីកន្លែងដែលស្តេចយាង និងដង្ហែរតាមព្រះរាជពិធីផ្សេងៗ មានមួយគូរ ដោយមួយកាន់ថ្វាយដោយស្ត្រីរាជបម្រើ និងមួយទៀតកាន់ថ្វាយដោយក្រុមមហាតលិក។ ព្រះទម្រង់នេះត្រូវបានប្រើប្រាស់រហូតដល់រាជ្យ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស។
👉អំពីទំនៀមអញ្ជើញព្រះទម្រង់អសិមាសឬព្រះសែងជប៉ុនក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ និងព្រះបាទស៊ីសុវត្ថិមុនីវង្ស
ព្រះទម្រង់អសិនេះមាន២អង្គ​សម្រាប់អញ្ជើញហែរតាមព្រះករុណាគ្រប់ខណៈដែលស្តេចយាងបំពេញរាជកិច្ច។ អង្គទីមួយអញ្ជើញដោយពួកស្ត្រីខ្ញុំរាជការ នៅពេលពេលដែលព្រះករុណាបំពេញរាជកិច្ចក្នុងព្រះបរមរាជវាំងជាន់ក្នុង ឬរាជកិច្ចដែលមិនមានមុខងាររបស់ក្រុមមហាតលិក។ អង្គទីពីរ អញ្ជើញដោយក្រុមមហាតលិកនៅពេលពេលដែលព្រះករុណាបំពេញរាជកិច្ចក្នុងព្រះបរមរាជវាំងជាន់ក្រៅ ឬរាជកិច្ចដែលមិនមានមុខងាររបស់ពួកស្ត្រីខ្ញុំរាជការ ។
ព្រះទម្រង់អសិអង្គទីពីរ ត្រូវបានប្រើប្រាស់រហូតដល់រជ្ជកាលព្រះបាទស៊ីសុវត្ថិ ទើបឈប់ប្រើដោយទ្រង់សាងព្រះទម្រង់អសិថ្មីមួយអង្គទៀត។ ចំណែកព្រះទម្រង់អសិអង្គទី១ប្រើបន្តរហូតដល់ចប់រជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស លុះដល់រជ្ជកាលព្រះបាទនរោត្តម សីហនុ ទើបទ្រង់ត្រាស់អោយយកទៅតម្កល់ទុកក្នុងសារមន្ទីរព្រះបរមរាជវាំង។
តាមច្បាប់ទម្លាប់ពីបុរាណ ប្រសិនបើព្រះមហាក្សត្រទ្រង់ព្រះពិរោធនិងនរណាម្នាក់ខ្លាំង ហើយត្រាស់អោយ ក្រុមមហាតលិកឬ ពួកស្ត្រីខ្ញុំរាជការយកព្រះទម្រង់អសិមកថ្វាយដើម្បីទ្រង់នឹងប្រហារនរណាម្នាក់ តាមច្បាប់ទម្លាប់ពីបុរាណ គឺហាមដាច់ខាតមិនអោយនរណាយកព្រះទម្រង់អសិទៅថ្វាយព្រះអង្គឡើយ ប្រសិនបើអ្នកណាយកទៅហ៊ុចថ្វាយគឺអ្នកនោះត្រូវមានទោស​ ក្រុមអ្នកអញ្ជើញព្រះទម្រង់អសិ ត្រូវនៅស្ងៀម លុះត្រាតែស្តេចយាងទៅយកដោយព្រះអង្គឯង។

No comments:

Post a Comment