អត្ថបទដកស្រង់ចេញពី Colorise & Old Photos of Cambodia
ថ្ងៃនេះគេហទំព័រ Colorise & Old Photos of Cambodia យើងសូមបង្ហោះផ្សាយជូនពី ហោតម្កល់ព្រះបរមសព មួយដែលធ្លាប់បានសាងសង់ក្នុងបរិវេណ ព្រះបរមរាជវាំង ក្រុងចតុម្មុខសិរីមង្គលយើងកាលពីរាជ្យសម័យបុរាណជាន់ចាស់ នោះគឺ « ហោព្រះធម្មសង្វេគ » ។
“ ប្រវត្តិនៃការសាងសង់ ហោព្រះធម្មសង្វេគ ទីតម្តល់ព្រះបរមសពក្នុងព្រះបរមរាជវាំង និងព្រះបរមសពដែលបានតម្កល់ក្នុងហោ នេះមុនគេបង្អស់ “
• ពាក្យ « ហោ » ក្នុងវចនានុក្រមខ្មែរមានន័យយ៉ាងទូលំ ទូលាយពេកពិត ។ បើតាមនាមសព្ទខ្មែរ ត្រង់នេះយើងប្រើសម្រាប់ហៅ រោង ឬ មន្ទីរដែលជាកន្លែងសម្រាប់ដាក់ របស់របរមានតម្លៃផ្សេងៗក្នុងបរិវេណវត្តឬព្រះបរមរាជវាំងជាដើម ។ ដូចយ៉ាងមាន ហោគ្រឿង , ហោព្រះសព និង ហោត្រ័យ ជាដើម...។ល។
ហោព្រះធម្មសង្វេគ ត្រូវបានសាងសង់ឡើងពីរបីខែ ក្រោយពីការសោយព្រះពិរាល័យនៃសម្តេចព្រះស្រីសុទ្ធានា ធម្មចរិយា អ្នកម៉ែនាង ប៉ែន តាមការត្រាស់បង្គាប់ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះ នរោត្តម ព្រហ្មបរិរក្ស ក្នុងព្រះពុទ្ធសករាជ ២៤៣៨ ចំនឹងឆ្នាំបារាំង ១៨៩៥ ។ ហោព្រះធម្មសង្វេគនេះសាងសង់បែរមុខទៅទិសខាងកើត និងមានទីតាំងនៅខាងជើង ព្រះទីន័ងពិមានអាកាស និងមាននាទីសម្រាប់តែតម្កល់ព្រះបរមសព តែមួយមុខគត់ ។ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែ ពិសាខ ឆ្នាំដដែល ព្រះករុណាជាអម្ចាស់ផែនដី ព្រះបាទសម្តេចព្រះ នរោត្តម ទ្រង់ត្រាស់បង្គាប់មន្ត្រីខ្ញុំរាជការ បារគូ ព្រាហ្មណ៍ព្រឹទ្ធ បណ្ឌិតអ្នកកាន់ទំនៀម ឱ្យទៅអញ្ជើញព្រះកោដ្ឋសុវណ្ណ នៃព្រះវររាជមាតាអ្នកម៉ែនាង ប៉ែន លើកឡើងតម្កល់លើព្រះរាជមហាបុស្បុក មានបាំងព្រះក្លស់ធំ អភិរម្យ សែនត្វ័ន ចាមរ បៃមន សាលុតកាំភ្លើង ប្រគុំភ្លេងពិណពាទ្យថ្វាយកងរំពង ហែព្រះបរមសពចេញពីព្រះរាជរោង ព្រះបរមរាជវាំង ស្រះសារពើយុធ ក្រុងឧត្តុង្គមានជ័យ តាមផ្លូវថ្នល់ចុះមកកំពងហ្លួង រួចហែចុះមកតម្កល់លើព្រះទីន័ងនាវា ឆ្ពោះមកតម្កល់ក្នុងហោព្រះធម្មសង្វេគ ក្នុងព្រះបរមរាជវាំងក្រុងភ្នំពេញ វិញ ។ ដូច្នេះព្រះបរមសពដំបូងបង្អស់ដែលបាន តម្កល់ក្នុងហោ នេះគឺព្រះបរមសព សម្តេចព្រះស្រីសុទ្ធានា ធម្មចរិយា អ្នកម៉ែនាង ប៉ែន អតីតព្រះអគ្គមហេសីនៃ សម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គដួង និងត្រូវជាព្រះវររាជមាតានៃហ្លួង នរោត្តម ។ យើងគ្រាន់តែដឹងថា ហោព្រះធម្មសង្វេគ នេះត្រូវបានរុះរើចេញ ក្នុងដើមផែនដីហ្លួង ស៊ីសុវត្ថិ តែយើងពុំបានដឹងអំពីឆ្នាំជាក់លាក់ឡើយ ។
- នេះជារូប ហោព្រះធម្មសង្វេគ ( ស្តាំ ) និងព្រះទីន័ង ពិមានអាកាស ( ឆ្វេង ) ក្នុងបរិវេណព្រះបរមរាជវាំងចតុម្មុខសិរីមង្គល ក្រុងភ្នំពេញ ។
- ឯកសារយោង ៖ • ឯកសារមហាបុរសខ្មែរភាគ ៧ ស្រាវ
ជ្រាវដោយ សាស្ត្រាចារ្យ អេង សុត ។
• សារ៉ាម៉ានី ដោយ Roland Meryer ។
• The Royal Cremations of
Norodom and Norodom
Sihanouk, Kings of Cambodia
by Sir : Jim Mizerski .
- @រក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee
No comments:
Post a Comment