Monday, February 20, 2017

២ វត្តព្រះកែវមរកត

រក្សាសិទ្ធិដោយក្រសួងព្រះបរមរាជវាំង
រៀបរៀងដោយៈ លោក ឯក ច័ន្ទដារ៉ារិទ្ធ



កាលបរិច្ឆេទ នៃការសាងសង់ 
-សំណង់ឈើ ក្នុងឆ្នាំ ១៨៩២
-សំណង់បេតុង ឆ្នាំ ១៩៦២
ព្រះមហាក្សត្រ : ព្រះបាទនរោត្តមនិង ព្រះបាទនរោត្តមសីហនុ
ទីតាំង: ស្ថិតនៅ ខាងត្បូងនៃបរិវេណព្រះបរមរាជវាំង។

កាលប្រវត្តិ
១- វត្តឧបោសថ​រតនារាម​ ហៅ វត្តព្រះកែវមរកត
វត្តព្រះកែវមរកត​ នេះស្ថិតនៅផ្នែក ខាងត្បូង នៃបរិវេណព្រះបរមរាជវាំង សំណង់ដែលសំខាន់មានទីតាំង នៅចំកណ្តាល គឺ ព្រះវិហារព្រះកែវមរកត ដែល ត្រូវបានគេស្គាល់ថាជា វត្តព្រះកែវមរកតវត្តប្រាក់ ដែលត្រូវបាន កសាងឡើងរវាង ឆ្នាំ ១៨៩២​ និង ឆ្នាំ ១៩០៣ដោយព្រះបាទនរោត្តម ហើយប្រាសាទនេះត្រូវបានជួសជុលកែលំអជាថ្មនៅឆ្នាំ ១៩៦២ នៅតាម រចនាបទនៃ ស្ថាបត្យកម្មខ្មែរដោយសម្តេចព្រះបាទនរោត្តម​សីហនុ។ កាលដើមឡើយ ប្រាសាទនេះ ត្រូវបានគេហៅថា វត្តឧបោសថ​រតនារាម ដោយសារតែព្រះមហាក្សត្រប្រារព្វធ្វើពិធីសមាទានឧបោសថសីលជារៀងរាល់ថ្ងៃសីលព្រមទាំងប្រារព្វពិធីបុណ្យផ្សេងៗនៅទីនេះដោយព្រះរាជវង្សានុវង្សនិងមន្តី្រអ្នកមុខអ្នកការទៅតាទំនៀមទំលាប់ព្រះពុទ្ធសាសនាទៀតផង។
តាមផ្ទាំងបថមសិលាដែលនៅចំពីមុខព្រះវិហារព្រះកែវមរកត បានអោយដឹងថា វត្តព្រះកែវមរកត ត្រូវបានកសាងឡើង អំពីឈើ ក្នុងរជ្ជកាល ព្រះករុណា ព្រះបាទនរោត្តម ។ ពិធីបច្ចុះសីមាត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃ ទី ៨ កើត ខែ មាឃ ឆ្នាំ ខាល​ ព.ស​ ២៤៤៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី ៥ខែកុម្ភៈ ឆ្នាំ ១៩០៣។
ក្នុងឆ្នាំ ១៩៦២  វត្តព្រះកែវមរកតត្រូវបានរុះរើនិងត្រូវបានសាងសង់ឡើងវិញជាបេតុងដោយរក្សារចនាបទស្ថាបត្យកម្មដូចដើមដែលមានកំរាលឥដ្ឋនិងសសរធ្វើពីថ្មម៉ាបនាំចូលពីប្រទេសអ៊ីតាលី ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រីស៊ីសុវត្ថ មុនីវង្ស កុសមៈនារីរតន៍ សេរីវឌ្ឍនា ដែលជាព្រះមាតាសម្តេចព្រះបាទនរោត្តម​ សីហនុនិងក្រោម ព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទនរោត្តម សីហនុ
វត្តព្រះកែវមរកតក៏ត្រូវបានប្រើប្រាស់ដោយព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ ដើម្បីបួសជាព្រះសង្ឃរយៈពេលមួយព្រះវស្សាគឺ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ១៩៤៧ ។ក្នុងពេលមានពិធីបុណ្យផ្សេងៗមាន ព្រះសង្ឃពីបណ្តាវត្តផ្សេងៗដូចជា វត្តល័ង្កកា វត្តឧណ្ណាលោម វត្តបទុមវតី ជាដើម ត្រូវបានគេនិមន្តអោយចូលរួមនៅក្នុងព្រះវិហារព្រះកែវមរកតផងដែរ។
វត្តនេះត្រូវបានគេហៅថា វត្តព្រះកែវមរកត​​​​​ដោយសាមានរូបបដិមាមួយអង្គធ្វើអំពីត្បូងមានតម្លៃដែលមានពណ៌ដូចត្បូងមរកតដែលតម្កល់ទុកក្នុងព្រះវិហារនេះ។ព្រះវិហារនេះត្រូវបានអ្នកទេសចរបរទេសហៅថាវត្តប្រាក់ ដោយសារតែកំរាលឥដ្ឋធ្វើអំពីប្រាក់។កម្រាលឥដ្ឋទាំងមូលក្រាលដោយប្រាក់ដែលមានចំនួន៥៣២៩ផ្ទាំង ដែលក្នុងមួយផ្ទាំងមានទម្ងន់ ១.១២៥ គីឡូក្រាម។ វត្ថុសិល្បៈដែលដាក់តាំងដែលនៅក្នុងព្រះវិហារនេះមានចំនួន ១៦៥០ ដែលភាគច្រើនជាពុទ្ធបដិមាធ្វើពីមាសប្រាក់សំរឹទ្ធនិងមានតុបតែងដោយត្បូងមានតម្លៃដូចជាពេជ្រ ត្បូងទទឹម ត្បូងកណ្តៀងនិងត្បូងមានតម្លៃដទៃទៀត។

ព្រះកែវមរកត

ព្រះវិហារនេះត្រូវបានគេសាងសង់ឡើងដើម្បីតម្កល់ពុទ្ធបដិមាមួយអង្គធ្វើពីត្បូងមានតម្លៃដែលមានពណ៌ដូចត្បូងមរកត។ហេតុនេះហើយទើបព្រះពុទ្ធរូបនេះត្រូវបានគេហៅថាជាព្រះអង្គព្រះកែវមរកត
ព្រះពុទ្ធរូបព្រះកែវមរកតនេះត្រូវបានគេតម្កល់នៅលើព្រះបុស្បុកខ្ពស់ជាងគេដែលមានរចនាក្បាច់ដ៏វិចិត្រ។ព្រះពុទ្ធរូបព្រះកែវមរកតនេះគង់ក្នុង​កាយវិការ​ វិជ័យ «ព្រះពុទ្ធផ្ចាញ់‌មារភូមិស្ពាសាមុទ្រ គឺគង់ពត់ព្រះភ្នែនដូចព្រះពុទ្ធរូបសម្មាធិដែរ ប៉ុន្តែព្រះហស្តស្តាំផ្កាប់លើព្រះឧរា ហើយចង្អុលចុះទៅផែនដី ចំណែកព្រះហស្ថឆ្វេងផ្ងារលើដាក់លើព្រះឧរា ។
   ព្រះពុទ្ធបដិមាធ្វើពីមាសមាន ទម្ងន់៩០គីឡូ
ព្រះពុទ្ធបដិមាមួយអង្គដែលស្ថិតនៅខាងមុខព្រះរាជបល្ល័ងព្រះកែវមរកតមានព្រះនាមថា
អរិយមេត្តេយ្យោ​ ឬ​ អារ្យមេត្រី។បដិមានេះទ្រង់ឈរ ធ្វើពីមាស ទម្ងន់៩០គីឡូ និងមានដាំពេជ្រចំនួន
២០៨៦គ្រាប់ គ្រាប់ពេជ្រដែលធំជាងគេគឺមានទំហ៊ុំ២៥ការ៉ាតដែលស្ថិតនៅចំគែមម្កុដខាងមុខ។
ព្រះបាទនរោត្តមបានកសាងព្រះបដិមានេះនៅឆ្នាំ១៩០៤ តាមព្រះរាជបណ្តាំរបស់ព្រះបាទនរោត្តមដែលជាព្រះរាមរបស់ព្រះអង្គ។
ព្រះបាទនរោត្តមទុកព្រះរាជបណ្តាំមុនពេលព្រះអង្គចូលទិវង្គតថាបន្ទាប់ពីរំលាយព្រះបរមសព្វរបស់ព្រះអង្គហើយព្រះបរមកោដ្ឋដែលធ្វើពីមាសត្រូវយកទៅរំលាយធ្វើជារូបព្រះអរិយមេត្តេយ្យោ​ ឬ​ អារ្យមេត្រី។ដូច្នេះហើយទើបសម្តេចព្រះបាទស៊ីសុវត្ត អោយគេធ្វើរូបបដិមាតំណាងរូបព្រះនរោត្តម ក្នុងទម្រង់ជាព្រះអរិយមេត្តេយ្យោ​ ឬ​ អារ្យមេត្រីដែលនឹងបានត្រាស់បន្ទាប់ពីព្រះសាម្មាសាម្មពុធ្ធគោតម។
រូបបដិមានេះមានព្រះបរមនាមថា ព្រះជិនរាំង្សីរាជ្ជកនរោត្តមដែលតំណាងអោយព្រះអរិយមេត្តេយ្យោ​ ឬ​ អារ្យមេត្រី

ព្រះសារីរិកធាតុ
នៅខាងទក្សិណនៃព្រះបដិមាធ្វើពីមាស៩០គីឡូមានទូដាក់តាំងព្រះសារិរិកធាតុរបស់ព្រះពុទ្ធដែលជាអំណោយពីប្រទេស ស្រីលង្កាដោយព្រះតេជគុណ ល្វី ឯម  ដែលគង់នៅវត្តលង្កានៅក្រុងភ្នំពេញក្នុងឆ្នាំ១៩៥៦។
ពុទ្ធបដិមាធ្វើអំពីមាស
នៅផ្នែកឧត្តរនៃព្រះបដិមាធ្វើពីមាស៩០គីឡូមានទូដាក់តាំងព្រះបដិមាដែលជាព្រះរាជអំណោយពីព្រះមហាក្សត្រីយានី ស៊ីសុវត្តិ មុនីវង្ស កុសុមៈនារីរតន៌ សេរីវឌ្ឍនានៅក្នុងឆ្នាំ១៩៦៩។វត្ថុដែលជាព្រះរាជអំណោយនេះរួមមានពុទ្ធបដិមាធ្វើអំពីមាសដែលបង្ហាញពីកាលពុទ្ធប្បវត្តិរបស់ព្រះពុទ្ធ គឺ ប្រសូត្រ ត្រាស់ដឹង និង ការចូលព្រះបរិនិព្វាន។

ព្រះសលៀង
ព្រះសលៀងគឺជាគ្រែស្នែងសម្រាប់សែងព្រះមហក្សត្រក្នុងកំឡុងពេលពិធីអភិសេកឡើងគ្រោងរាជ្យនិងពិធីច្រតព្រះន័ង្គល។ព្រះសលៀងនេះធ្វើពីមាសដែលមានទម្ងន់២៣គីឡូដែលដាក់តាំងនៅខាងក្រោយព្រះរាជបល្ល័ងព្រះកែវមរកត។
មានវត្ថុសិល្បៈជាច្រើនដ៏ទៃទៀតធ្វើពីមាសនិងប្រាក់និងវត្ថុមួយចំនួនទៀតមានដាំត្បូងទទឹម ត្បូងកន្តៀង និង ត្បូងពេជ្រជាដើមដែលបានដាក់តាំងបង្ហាញនៅក្នុងទូ។រាល់វត្ថុសិល្បៈដែលដាក់តាំងបង្ហាញក្នុងទូកញ្ចក់ទាំងនេះគឺជាព្រះរាជអំណោយពីព្រះមហាក្សត្រ ពីមន្រ្តីអ្នកមុខអ្នកការ ពុទ្ធបរិស័ទ និង បណ្តាប្រទេសនានា ដល់ព្រះកែវមរកត
ក្នុងសម័យខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់១៩៧៩មានវត្ថុសិល្បៈមួយចំនួនត្រូវបានបាត់បង់និងបំផ្លិចបំផ្លាញ។
នៅចំពីមុខព្រះវិហារព្រះកែវមរកត មានចេតិយចំនួនបីគឺធំពីរនិងតូចមួយ និងមានរូបសំណាកព្រះបាទនរោត្តម(១៨៦០-១៩០៤)គង់លើព្រះទីនាំងអាជានេយ្យ។

២-រូបសំណាកព្រះបាទនរោត្តម
 រូបសំណាកនៅលើព្រះទីនាំងអាជានេយ្យគឺជារូបសំណាកព្រះបាទសម្តេនរោត្តម(១៨៦០-១៩០៤)ដែលស្ថិតនៅចំពីមុខព្រះវិហារព្រះកែវមរកត រូបសំណាកនេះតម្កល់នៅក្នុងមណ្ឌបដែលមានដំបូលស្រួចរាងជាពីរ៉ាមីដ។រូបសំណាកនេះកសាងដោយសិល្បៈករជនជាតិបារាំងឈ្មោះ អឺដិ (Eude) នៅក្រុងប៉ារីសក្នុងឆ្នាំ១៨៨២។
រោងមណ្ឌបនេះត្រូវបានសាងសង់បន្ថែមក្រោយពីបានឯករាជ្យពីបារាំងនៅខែវិច្ឆិការឆ្នាំ១៩៥៣
ដោយប្រក់ដំបូលពីលើរូបសំណាកនេះដោយព្រះបាទសម្តេចនរោត្តមសីហនុដើម្បីជាការរំលឹកគុណដល់ព្រះអយ្យកោទួត ព្រះអង្គដែលព្រះអង្គបានបួងសួងសុំឯករាជ្យក្នុងសកម្មភាពបូជនីយកិច្ចទាមទាឯករាជ្យរបស់ព្រះអង្គ។

៣-ចេតិយព្រះបាទនរោត្តម
នៅផ្នែកខាងជើងនៃរូបសំណាកព្រះបាទនរោត្តមមានព្រះចេតិយមួយដែលសាងសង់នៅថ្ងៃទី១៣ខែមិនាឆ្នាំ១៩០៨សម្រាប់តម្កល់ព្រះបរមធាតុសម្តេចនរោត្តមដែលជាព្រះអយ្យកោទួត របស់ព្រះករុណា
សម្តេចនរោត្តមសីហនុ
ព្រះបាទនរោត្តម(១៨៣៤–១៩០៤) សោយរាជ្យ​ជាស្តេច​នៃ ព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៨៥៩ ដល់​ឆ្នាំ ១៩០៤។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​នៃ​សម្ដេចព្រះអង្គឌួងព្រះ​បាទ​នរោត្តម​ត្រូ​វ​បាន​គេ​ចាត់​ទុកថា​ជា​ស្តេច​​ខ្មែរ​ទី១​នៃ​សម័យ​ខ្មែរទំនើបក្រោមអាណានិគមនិយមបារាំង។ ទ្រង់​ត្រូវ​បាន​គេស្គាល់​ច្បាស់​ដោយ​សារ​ការ​ការពារ​ប្រទេស​កម្ពុជា​កុំឲ្យ​បាត់​បង់​ទៅក្នងការដណ្ដើមគ្នារវាងប្រទេសជិតខាង។ នៅ​ឆ្នាំ​១៨៦៣​ ដើម្បី​រារាំង​ប្រទេស​ជិតខាង​ដ៏ខ្លាំង​ទាំងពីរ កុំ​ឲ្យ​យក​ទឹក​ដី​កម្ពុជា​បាន​ ទ្រង់​បាន​អញ្ជើញ​បារាំង​ឲ្យ​មក​ធ្វើ​ជា​អាណាព្យាបាល​ប្រទេស​កម្ពុជា។ព្រះអង្គបានផ្លាស់រាជធានីពីឧដុង្គមកក្រុងចតុមុខមង្គលនៅឆ្នាំ១៨៦៦។

៤-ព្រះចេតិយព្រះបាទអង្គឌួង
ព្រះចេតិយព្រះបាទអង្គឌួងស្ថិតនៅខាងត្បូងនៃរូបបដិមាព្រះបាទនរោត្តមដែលត្រូវជាព្រះអយ្យកោលួត ព្រះបាទនរោត្តម សីហនុ។ ព្រះចេតិយនេះបានកសាងនៅថ្ងៃទី១៣ខែមិនាឆ្នាំ១៩០៨។
ព្រះអង្គឌួង (១៨៤០ - ១៨៥៩)
ឆ្នាំ១៨៤០ ព្រះបាទអង្គឌួងបានគ្រងរាជ្យនៅវាំងស្បែក ស្រុកពញាឮ លុះដល់ឆ្នាំ ១៨៤៧ ទើបទ្រង់បានត្រូវអភិសេកឲ្យឡើងសោយរាជ្យជាព្រះមហាក្សត្រនៅឧដុង្គ។ព្រះបាទអង្គឌួងយាងចូលទិវង្គតនៅក្រុងឧដុង្គហើយព្រះបរមធាតុត្រូវបានតម្កល់នៅព្រះចេតិយនៅលើភ្នំឧដុង្គដែលមានចំងាយ៤០គីឡូម៉ែតនៃភាគខាងជើងនៃទីក្រុងភ្នំពេញ។ក្រោយមកព្រះបរមធាតុត្រូវបានយកមកតម្កល់នៅព្រះចេតិយដែលស្ថិតក្នុងបរិវេណវត្តព្រះកែវមរកតនេះ។

៥-ចេតិយព្រះអង្គម្ចាស់ នរិន្រ្តពង្ស
ព្រះចេតិយនេះសម្រាប់ដាក់ព្រះ បរមធាតុព្រះអង្គម្ចាស់នរិន្រ្ទពង្សដែលជាព្រះអនុជរបស់ព្រះបាទសីហមុនី ដែលបានសុគតដោយសារោគាពាធថ្ងៃ ពុធទី៨​ខែតុលា គ.ស២០០៣ ត្រូវ និងថ្ងៃទី១៣កើត
ខែអសុជ្សឆ្នាំមមី បព្ចាស័ក ព.ស.២៥៤៤៧។

៦-កឹងព្រះបាទ
កឹងព្រះបាទជាកន្លែងសម្រាប់តម្កល់ស្នាមព្រះពុទ្ធបាតទាំង៤ព្រះអង្គដែលបានត្រាស់ដឹងនៅក្នុងភទ្ទកប្បយើងនេះមាន កុកសន្ធោ នាគមនោ កស្សបោ គោតមោ និងបដិមាព្រះ អរិយមេត្តេយ្យោ​ ឬ​ អារ្យមេត្រី​ដែលនឹងបានត្រាស់ដឹងជាព្រះពុទ្ធទៅអនាគតនៅ ព.ស​​​ ៥០០០។ព្រមទាំងមានវត្ថុសិល្បៈដ៏ទៃទៀតដែលបានរក្សាទុកនៅទីនេះដែរក្នុងនោះមានពុទ្ធបដិមាជាច្រើន សាស្រ្តាស្លឹករិត និងគំនូរព្រះឆាយល័ក្ខណ៍។របស់ព្រះករុណាសម្តេចនរោត្តមសីហនុពេលដែលព្រះអង្គបានបួសមួយព្រះវស្សានៅក្នុងព្រះវិហាព្រះកែវមរកតនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ១៩៤៧។

៧-ភ្នំកៃលាស ឫ ភ្នំមណ្ឌប
គឺជាភ្នំសិប្បនិមិត្តដែលតំណាងឲ្យភ្នំកៃលាស។នៅលើភ្នំកៃលាសនេះមានប្រាសាទមណ្ឌបមួយដែលមានតម្កល់ព្រះពុទ្ធបដិមាមួយចំនួននិងមានតម្កល់ព្រះពុទ្ធបាទនៅចំកណ្ដាលទៀតផង។ស្នាមពុទ្ធបាទនេះធ្វើអំពីស្ពាន់បិទមាស។នៅលើស្នាមពុទ្ធបាទ  នេះមានឆ្លាក់រូបផ្សេងៗចំនួន១០៨​ដែលតំណាងអោយមង្គល១០៨ដែលតំណាងធម្មវិន័យនិងដំណើរអតីតជាតិរបស់ព្រះពុទ្ធមុនពេលព្រះអង្គបានត្រាស់ដឹងព្រមទាំងមានតម្កល់ពុទ្ធបដិមាធ្វើពីថ្មម៉ាបជាអំណោយពីប្រទេសភូមា។

៨-ប្រាង្គគន្ធបុប្ផា
គឺជាប្រាង្គដែលកសាងតាមរចនាបទបន្ទាយស្រីសាងសង់នៅឆ្នាំ១៩៦០សម្រាប់តម្កល់ព្រះបរមធាតុរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍នរោត្តមគន្ធបុប្ផាដែលជាបុត្រីសំណប់ព្រះទ័យរបស់ព្រះបានរោត្តមសីហនុ។ព្រះអង្គបានសុគតដោយរោគាពាធពេលដែលព្រះអង្គម្ចាស់មានព្រះជន្ម៤ព្រះវស្សា។ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធ បុបា្ផ ជាបុត្រី  នៃអង្គសម្តេចឪ ជាមួយ ព្រៈមាតា ព្រៈនាម ស៊ីសុវត្ថិ ពង្សានមុនី។
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធ បុបា្ផ​ ប្រសូត្រ នៅថ្ងៃទី ១៦ ខែ សីហា គ.ស ១៩៤៨
 ។ទ្រង់សុគត នៅ ថ្ងៃទី ១៣ ខែ ធ្នូ គ.ស ១៩៥២ ។
 ប្រាង្គនេះសាងសង់តុបតែងលំអតាមរចនាបទប្រាសាទបន្ទាយស្រី។មុនពេលដែព្រះបាទនរោត្តមសីហនុចូលទិវង្គត ព្រះអង្គបានទុកព្រះរាជបណ្តាំថាពេលដែលព្រះអង្គសុគតទៅ សូមទុកព្រះបរមធាតុរបស់ព្រះអង្គជាមួយ ព្រះរាជបុត្រីសំណប់ព្រះទ័យរបស់ព្រះអង្គ។
ដោយសារតែព្រះរាជបណ្តាំនេះហើយទើបមិនមានការសាងសង់ព្រះចេតិយ ណាមួយសម្រាប់ព្រះអង្គឡើយ។ ពិធីដង្ហែព្រះអដ្ឋិធាតុត្រូវបានគេធ្វើនៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៣ពីប្រាសាទទេវាវិច្ឆ័យទៅតម្កល់នៅប្រាង្គព្រះគន្ឋបុប្ផា។
ថ្ងៃទី ១០ ដល់ ១៣ ខែកក្កដា ឆ្នាំ២០១៣ ត្រូវនឹងថ្ងៃ ៣កើតដល់៦កើត ខែ អាសាឍ  ឆ្នាំម្សាញ បព្ចាស័ក ព.ស.២៥៥៧។ពិធីដង្ហែព្រះអដ្ឋិធាតុដ៏ឧឡារឹករបស់ព្រះបាទនរោត្តមសីហនុដែលមានរយៈពេលបីថ្ងៃដែលដង្ហែពីព្រះបរមរាជវាំងយាងមកកាន់ព្រះចេតិយព្រះគន្ធបុប្ផាដែលស្ថិតនៅព្រះវិហារកែវមរកត។នៅព្រឹកថ្ងៃទីមួយនៃព្រះរាជពិធី ប្រជារាស្រ្តយាងច្រើនកុះករបានប្រមូលផ្តុំគ្នារាប់បាទនៅមុខព្រះបរមរាជវាំង ហើយពេលរសៀលមានសង្ឃប្រមាណ៣០០០អង្គបានសូត្រធម៌បួងសួងឧទិសកុសល្សផលបុណ្យដល់ព្រះវីរក្សត្រនៅខាងមុព្រះបរមរាជវាំង។
យោងតាមកម្មវិធីបុណ្យ នៅថ្ងៃទីពីរ ក្បួនដង្ហែព្រះអដ្ឋិធាតុដោយស្មើរជើងចេញពីព្រះបរមរាជវាំងយាងទៅតម្កល់ទុកនៅព្រះវិហារព្រះកែវមរកត។បន្ទាប់មកនៅថ្ងៃទីបី ព្រះអដ្ឋិធាតុបានយាងទៅតម្កល់ទុកនៅព្រះចេតិយគន្ធបុប្ផានៅព្រះវិហារព្រះកែវមរកតដែលស្ថិតក្នុងបរិវេណព្រះបរមរាជវាំង។
នៅថ្ងៃសុក្រទី១១​ ខែកក្កដា ឆ្នាំ២០១៣ ត្រូវនឹងថ្ងៃ ៤កើត ខែ អាសាឍ  ឆ្នាំម្សាញ ​បព្ចាស័ក ព.ស.២៥៥៧​ មានប្រជារាសប្រមាណ២០០០០នាក់បានចូលរួមដង្ហែក្បួនដោយស្មើជើងដែលមានចម្ងាយ១០គីឡូម៉ែត។រាល់បុគ្គលិកក្រុមហ៊ុនងកជននិងបណ្តាមន្រ្តីរាជការអ្នកមុខអ្នកការត្រូវបានអនុញ្ញាតិអោយឈប់ដំរាកមួយថ្ងៃដើម្បីចូលរួមពិធីដង្ហែព្រះអដ្ឋិធាតុនេះ។
ព្រះករុណាសម្តេចព្រះនរោត្តមសីហនុបានយាងចូលទិវង្គតដោយរោគាពាធក្នុងព្រះជន៩០ព្រះវស្សានៅទីក្រុងប៉េកាំងថ្ងៃទី១៥ខែតុលាឆ្នាំ២០១២​ត្រូវនឹងថ្ងៃ ១៥រោចខែ ភទ្របទ  ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ។ព្រះអដ្ឋិធាតុរបស់ព្រះអង្គត្រូវគេតម្កល់ទុកជាមួយបុត្រីព្រះអង្គទៅតាមព្រះរាជបណ្តាំរបស់ព្រះអង្គ។ព្រះអង្គម្ចាស់ក្សត្រីគុន្ធបុប្ផាបានយាងចូលទីវង្គតនៅព្រះជន៤ព្រះវស្សាដោយរោគាពាធនៅឆ្នាំ១៩៥២។

៩-ព្រះធម្មសាលា
សាលានេះស្ថិតខាងលិចប្រាង្គព្រះគន្ធបុប្ផា សម្រាប់ព្រះសង្ឃចំរើនប្រណិបត្តិទានសីលនិងជាសាលា ឆាន់សម្រាប់ព្រះសង្ឃ។ បច្ចុប្បន្ននេះ ព្រះធម្មសាលានេះត្រូវបានប្រើប្រាស់ដោយព្រះមហាក្សត្រនិងព្រះញ្ញាតិវង្សានុវង្សសំរាប់ពិធីបុណ្យផ្សេងៗជាពិសេសបុណ្យដាក់បិណ្ឌនិងប្រណិបត្តិសមាទាសីលជារៀងរាល់ថ្ងៃឧបោសថសីលដោយ ព្រះមហាក្សត្រនិងព្រះញា្ញត្តិវង្សានុវង្ស តែងតែយាងមកបួងសួងនៅព្រះធម្មសាលាជាប្រចាំ។

១០-ព្រះចេតិយព្រះបាទនរោត្តមសុរាម្រឹត
ស្ថិតនៅផ្នែកនិរតីនៃព្រះវិហារព្រះកែវមរកត។ ព្រះចេតិយនេះកសាងតាមបែបរចនាបទខ្មែរ (បន្ទាយស្រី)ដែលមានក្បូក្បាច់ល្អប្រណិត។ព្រះចេតិយនេះសំរាប់តម្កល់ព្រះអដ្ឋិធាតុរបស់ព្រះអយ្យកោនិងព្រះអយ្យការបស់ព្រះបាទនរោត្តមសីហមុនី។
ព្រះចេតិយនេះតម្កល់ព្រះអដ្ឋិធាតុរបស់ព្រះបាទសុរាម្រឺតដែលបានចូលទីវង្គតនៅឆ្នាំ១៩៦០និងតម្កល់ព្រះអដ្ឋិធាតុរបស់សម្ដេចមហាក្សត្រីយានី កុសុមៈនារីរតន៍ដែលបានយាងចូលទីវង្គតនៅថ្ងៃទី២៧ខែមេសាឆ្១៩៧៥នៅឯទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។

១១-រោងជួង
កាលដើមឡើយមានរោងជួងចំនួនពីរសំរាប់វាយឆ្លងឆ្លើយគ្នាដើម្បីបិទនិងបើកទ្វារនៅក្នុងពិធីបុណ្យផ្សេងៗ ឬសំរាប់ផ្តល់ជាសញ្ញាដល់ព្រះសង្ឃសំរាប់ចូលរៀន។បច្ចុប្បន្ននេះនៅសល់តែរោងជួងមួយតែប៉ុណ្ណោះ ដែលស្ថិនៅទិសពាយព្យ
នៃព្រះវិហារព្រះកែវមរកត។រីឯជួងមួយទៀតត្រូវគេដាក់ព្យួរនៅក្រោមដំបូលអណ្តូងទឹកដែលស្ថិតនៅភាគឧត្តរនៃព្រះចេតិយព្រះបាទនរោត្តមសុរាម្រិត។បច្ចុប្បន្ននេះ គេលែងប្រើប្រាស់ជួងនេះទៀតហើយ។

១២-បណ្ណាល័យ
មានរោងមណ្ឌបមួយដែលស្ថិតនៅខាងជើងព្រះវិហារព្រះកែវមរកត។ រោងមណ្ឌបនេះត្រូវបានប្រើប្រាស់ជាបណ្ណាល័យសំរាប់តម្កល់ព្រះត្រៃបិដកនិងគម្ពីក្បួនច្បាប់ផ្សេងៗទៀតសំរាប់ព្រះសង្ឃសិក្សាស្រាវជ្រាវ។បច្ចុប្បន្ននេះគេឃើញមានព្រះត្រៃបិដកនិងរូបព្រះគោនន្ទិនត្រូវបានគេតម្កល់ទុកក្នុង បណ្ណាល័យ មណ្ឌបនេះដើម្បីជាសក្ករៈបូជា។នៅក្នុងបណ្ណាល័យមណ្ឌបនេះមានគោនន្ទិនមួដែលយាន
ជំនិះរបស់ព្រះឥសូ។

អំពីព្រះត្រៃបិតក ៖

ព្រះត្រៃបិតក ជាគម្ពីរ ឬ ជាឃ្លាំង ឬ កញ្ជើរសម្រាប់ផ្ទុក នូវពុទ្ធវច្ចនៈដែលមានសរុប ៨៥០០០ ធម្មកន្ធ គឺជា មូលដ្ឋានទ្រឹស្ដី ទ្រទ្រង់ព្រះពុទ្ធសាសនា ។ ព្រះត្រៃបិដកត្រូវចែកចេញជា៣គម្ពីរសំខាន់ៗ មានដូចជា ៖
ក. វិន័យបិតក ៖ (មាន ២១០០០ធម្មកន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ១៣ភាគ) ជាគម្ពីរដែលស្ដីអំពីច្បាប់ ក្រិត្យក្រម ដែលព្រះពុទ្ធបានបញ្ញត្តិហាមប្រាមនិងទ្រង់អនុញ្ញាតិ្ត ទុកជាគោលប្រព្រឹត្តិប្រតិបត្តិនៃបព្វជិតនិងគ្រហស្ថ ។
ខ. សុត្តន្តបិតក ៖ (មាន ២១០០០ធម្មកន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ៦៤ភាគ) ជាកម្រងនៃពុទ្ធិ ផ្នែកព្រះសូត្រ ដែលនិយាយអំពីអំពើល្អ និងអាក្រក់ ការធ្វើបុណ្យទានជាដើម ។
គ. អភិធម្មបិតក ៖ (មាន ៤២០០០ធម្មកន្ធ ត្រូវ ៧គម្ពីរ ហើយចែកជា ៣៣ភាគ) ជាកម្រងទស្សនៈពុទ្ធិដែល និយាយអំពី បរមត្ថវិជ្ជាប្រកបដោយអត្ថ បួនយ៉ាងគឺ ចិត្ត ចេតសិក រូប និព្វាន ។

គោនន្ទិន
គោនន្ទិនជាយានជំនិះរបស់ព្រះឥសូ គោ​នេះ​ជា​ពាហនៈ ឬ​យានជំនិះ​របស់​ព្រះ​ឥសូរ​ដ៏​មហិ​ទិ្ធ​រិទ្ធ​ដែល​គង់​លើ​ភ្នំ​កៃលាស ក្នុង​ជំនឿ​ខ្មែរ​បុរាណ​គេ​ជឿ​ថា គោ​នេះ​ប្រកប​ដោយ​ឫទ្ធានុភាព បានជា​គេ​គោរព​សក្ការៈ ។ គោនន្ទិននេះមានទម្ងន់ជាង​៥០០​ គីឡូក្រាម​ ធ្វើពីប្រាក់៨០% និងធាតុផ្សំផ្សេងទៀតចំនួន២០% ដូចជា ស្ពាន់ សំណ ដែក និង ស័ង្កសី ជាដើម។គោនន្ទិននេះរកឃើញនៅឆ្នាំ ១៩៨៣ នៅស្រុកកោះធំខេត្តកណ្តាល ចំងាយ ៣៩គីឡូម៉ែតស្ថិតនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ។តាមការស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាពីសារមន្ទីរជាតិភ្នំពេញបានបញ្ជាក់ថា គោនន្ទិននេះធ្វើនៅសត្តវត្សទី៧ នៃគ្រិស្គសរាជ។

១៣-ថែវនិងគំនូរបុរាណ

ព្រះវិហារព្រះកែវមរកតហ៊ុំព័ទ្ធទៅដោយថែវដែលមានកំផែងខ្ពស់។កាលដើមឡើយ ថែវដែលព័ទ្ធជុំវិញនេះប្រើជាថ្នាក់រៀនបណ្តោះអាសន្នរបស់ព្រះសង្ឃដើម្បីរៀនភាសាបាលីមុនពេលដែលសាលាបាលីបង្កើតឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩១៥ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទស៊ីសុវត្ថិ។
នៅជញ្ជាំងថែវមានគូរគំនូរបុរាណរឿងរាមកេរ្តិ៍តាំងពីដើមរហូតដល់ចប់។គំនូររឿងរាមកេរ្ត៏នេះចាប់ផ្តើមរឿងពីផ្នែកខាងត្បូងនៃថែវខាងកើតព័ទ្ធជុំវិញព្រះវិហារព្រះកែវមរកតដែលមាប្រវែង៦០៤ម៉ែត កំពស់៣.៦៥ម៉ែត។គំនូរនេះគូរក្នុងឆ្នាំ១៩០៣ ដល់១៩០៤ដោយវិចិត្តករខ្មែរចំនួន៤០នាក់ដឹកនាំដោយ ឧកញ្ញ៉ាទេពនិម្មិតធាក់ (តាមឯកសារ លោក វាំង ជួន)។ភាគច្រើននៃផ្ទាំងគំនូរនេត្រូវខូចខាតជាបន្តបន្ទាប់យ៉ាងខ្លាំងក្លាដោយសារអាកាសធាតុនិងពពួកមេរោគ។
នៅឆ្នាំ១៩៨៥គំរោងជួសជុលនិងថែទាំ ដែលមានរយៈពេល៥ឆ្នាំបានធ្វើឡើង ដោយរដ្ឋាភិបាលកម្ពុជានិងប៉ូឡូញ។ដំណាក់កាលនៃការជួសជុលជំហ៊ានទីមួយត្រូវបានបញ្ចប់ហើយគម្រោងនៃការជួសជុលនេះត្រូវបានផ្អាកជាច្រើនឆ្នាំដោយពុំមានថវិការគ្រប់គ្រាន់សំរាប់បន្តការជួសជុល រហូតដល់ខែវិច្ឆការឆ្នាំ ២០១៤ គម្រោងនេះត្រូវបានធ្វើបន្តនូវតំណាក់កាលទីពីរបន្តទៀតរវាងរដ្ឋាភិបាលប៉ូឡូញនិងរដ្ឋាភិបាលកម្ពុជាក្រោមការរៀបចំចាត់ចែងដោយក្រសួងព្រះបរមរាជវាំង។គម្រោងទីពីរនេះបានបញ្ចប់នៅខែមិនាឆ្នាំ២០១៦ដោយបានជួសជុលផ្នែកជ្រុងខាងលិចឈាងខាងជើងដែលមានប្រវែងជាង១០០ម៉ែតដែលចំណាយថវិការអស់ជិតមួយលានដុល្លាសហរដ្ឋអាមេរិកដោយថវិការជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

១៤-សារមន្ទីរដំរី
កសាងនៅឆ្នាំ១៨៩២ ស្ថិតខាងត្បូងវត្តព្រះកែវមរកតជាប់របងព្រះបរមរាជវាំងដែលពីដើមគេហៅថារោងដំរីជាកន្លែងទុកគ្រឿងប្រដាប់ប្រដានិង ចិញ្ចឹមសត្វដំរី ត្រៀមទុកសម្រាមហែក្បួនក្នុងព្រះរាជពិធីបុណ្យផ្សេងៗ។នៅឆ្នាំ១៩៩៦ រោងដំរីត្រូវបានរៀបចំអោយទៅជាសារមន្ទីរក្រោមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះនរោត្តមមុនីនាថសីហនុ។សារមន្ទីរនេះចែកជាសាលពិព័រណ៍ រូបថតលំនៅដ្ឋានខ្មែរនិងសំលៀកបំពាក់ប្រពៃណីខ្មែរ ផ្ទះបូរាណខ្មែរចំនួនពីរ រូបសំណាក ព្រះបាទ ជ័យវរ្ម័ន ទី៧ សាលតាំង គ្រឿងប្រាក់រូបដំរី គ្រឿងហែក្បួនទ័ពដំរី បន្ទប់តាំងព្រះឆាយាល័ក្ខណ៍ស្តីពីព្រះសកម្មភាព ព្រះករណា ព្រះបាទ នរោត្តម សីហនុ បន្ទប់តាំងហែក្បួនព្រះរាជពិធីទ្វាទសមាស។




ឯកសារពិគ្រោះ
-ប្រវត្តិសាស្រ្តខ្មែរ ដោយ ត្រឹង ងា ទំព័រ ១៣៦
-មគ្គុទ្ទេសក៍ទេសចរ ដោយ ស្រី សារឿនទំព័រ ៣០​ដល់៦៣
-ប្រវត្តិទស្សនៈ សាសនា សីលធម៌ នយោបាយ ២០០៥​ ដោយ ឥន្ទ ​ឳមសាម៉េង​ទំព័រ ៦៤
-Jeldres, Julio A., 2003, The Royal House Of Cambodia, Monument Books, Phnom
Penh
-The Age of Angkor by Pich Keo, Page 36


No comments:

Post a Comment