អត្ថន័យនៃបុណ្យកឋិនទាន
បុណ្យកឋិនជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សាបុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំវត្ដណាមួយ ត្រូវបានខកខានឡើយដូច ច្នេះគេតែង តែឃើញក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើតខែកត្តិកហើយបើទីអារាមណាមួយមិនមានកឋិនណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្មសប្បាយរីករាយយ៉ាងក្រៃលែងអ្នកផ្ដើមបុណ្យបានរៀបចំ បរិក្ខាកឋិនមានត្រៃចីវរចិវរសង្ឃាដិស្បង់ព្រមដោយទេយ្យទានផ្សេងៗទៀតដូចជាបាតចាន ស្រាក់កាំបិតចេសម្ជុលថង់យាមឆ័ត្រជាដើមសព្វគ្រប់អស់ហើយគេនាំគ្នាហែទៅទីអារាម ដែលបានកំនត់ទុក។បើកឋិននោះដង្ហែទៅវត្តឆ្ងាយគេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្ត សំដៅទៅវត្តនោះ។
បើវត្តនៅតាមដងទន្លេគេជិះទូករឺកប៉ាល់។កាលខ្ញុំនៅកុមារភាពស្រុកយើងពុំទាន់មានការរីកចំរើន ខាងផ្លូវគមនាគមន៍នៅឡើយយានយន្ដទៀតសោតក៏ពុំសូវមានខ្ញុំច្រើនឃើញពុទ្ធបរិសទ្ធហែអង្គកឋិនទៅកាន់ទីវត្ដឆ្ងាយៗ ដោយប្រើដំរីជាយានជំនិះក្នុងពិធីហែអង្គកឋិនដោយដំរីនេះមើលទៅគួរអោយសប្បាយរីករាយខ្លាំងណាស់មានដំរីជា ច្រើនរហូតដល់២០ទៅ៣០ដំរីដើរដង្ហែជាជួរដំរីនិមួយៗគេតុបតែងរចនាដូចជាដំរីព្រះអិន្ទ្រច្យុតពីស្ថានសួគ៌នៅលើខ្នង ដំរីគេចងរយាងរំលេចដោយភ្ញីផ្កាក្បាច់ក្បូររចនាភ្លឺចិញ្ចាំងចញ្ជែងមនុស្សម្នាប្រុសស្រីក្មេងចាស់តែងខ្លូនលាបម្សៅសិត សក់ស្លៀកសំពត់អាវថ្មីៗបាំងក្លស់ចំរុះពណ៌គួរជាទីត្រេកត្រអាលក្រៃពេកក្នុងការហែនេះគេមានប្រគំភ្លេងតូរ្យតន្ដ្រីយ៉ាង ពិរោះហើយជាពិសេសគឺជាក្រុមភ្លេងឆៃយ៉ាំដែលធ្វើអោយបរិយាកាសរិតតែគគ្រឹកគគ្រេងរស់រវើកសប្បាយក្រៃលែង។ លុះទៅដល់វត្តគេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេគេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយ ដែលគេបានរៀបចំទុកជាស្រេច។
គេនិមន្ដព្រះសង្ឃឆាន់ពេលថ្ងៃត្រង់បន្ទាប់ពីនោះពុទ្ធបរិសទ្ធជើងវត្ដមានតួនាទីរៀបចំ ទទួលភោជនាហារលៀងដល់ភ្ញៀវដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹកកក់ក្ដៅរាក់ទាក់រីករាយជា ពន់ពេកលុះរសៀលជ្រេរទាបបន្ដិចគេនាំគ្នាហែអង្គកថិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំទើបនាំគ្នាចូលក្នុងវិហារ។ចៅអធិការ វត្ដបានចាត់អោយ ភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះ។ពុទ្ធបរិសទ្ធចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះហើយវេរអង្គកឋិន ប្រគេនព្រះសង្ឃជា កិច្ចឆ្លងបង្ហើយបុណ្យ។
អត្ថន័យនៃបុណ្យកឋិន
តាមអដ្ឋកថាសំដៅយកព្រះពុទ្ធដីកា ដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាកឋិនគឺការប្រជុំរួមនូវ រូបធម៌ និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺៈ
- រស់បានដោយកម្រសមដូចវិគ្គហៈថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“។ ប្រែថា “សភាវៈឯណារស់បានដោយកម្រ សភាវៈនោះហៅថាកឋិនព្រោះលោកប្រៀបប្រដូចជាឈើស្នឹង ដែលបុគ្គលកាត់ចាកចេញពីដើម ហើយយកទៅ បោះភ្ជាប់នឹងដីរមែងដុះលូតលាស់ឬរស់នៅបានដោយកម្រយ៉ាងណា ឯកិច្ច ដែលនឹងកើតឡើង ឬតាំងឡើងជា កឋិនពេញទីគឺបានដោយកម្រពន់ពេកណាស់ក៏យ៉ាងនោះដែរ“។
- ពោលសរសើរព្រោះចីវរទាន ដែលយើងកសាងជាកឋិននោះ ជាទានវិសេសជាងទានដទៃ ដែលព្រះអរិយទាំង ឡាយមានព្រះសម្ពុទ្ធ ជាប្រធានតែងពោលសរសើរថាជាទានដ៏វិសេសអាចរួបរួម ឬក៏សង្គ្រោះនូវអានិសង្ស៥ យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រងមិនឱ្យទៅ គ្រងនៅទីដទៃបាន។ សមដូចវិគ្គហៈថា“បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វាកឋិតិសង្គណ្ហាតីតិ“។ ប្រែថា“ធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះនូវអានិសង្សទាំង៥យ៉ាងមិន ឱ្យទៅក្នុង ទីដទៃបានធម្មជាតិនោះឈ្មោះថាកឋិន“។
កឋិននេះអាចឱ្យសម្រេចដល់បុគ្គលទាំងពីរផ្នែកគឺៈ
- ទាយក ឬទាយិកា គឺជាអ្នកឱ្យ។ ជននោះរមែងទទួលអានិសង្សច្រើន ទទួលផលច្រើនក្នុងអនាគតកាលមានការ ទទួលនូវសម្បត្តិក្នុងឋានទេវលោកជាដើម។
- បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជាអ្នកទទួលក្រាលគ្រង និងអនុមោទនាកឋិនត្រូវបានសម្រេចនូវអានិសង្ស ៥ យ៉ាងពេញលេញ គ្រប់គ្រាន់ ដរាបដល់រយៈកាលនៃកឋិនខេត្ត។
ពិធីដែលទាយក-ទាយិកា នាំយកសំពត់កឋិនទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សា អស់មួយត្រីមាស (៣ខែ) ក្នុងអាវាស(វត្ត) ណាមួយ និងនៅពេលណាមួយក្នុងកំណាត់ ២៩ថ្ងៃ (ចាប់ពីថ្ងៃ ១រោច ខែអស្សុជរហូតដល់ថ្ងៃ១៥កើតពេញ បូណ៌មីខែកត្តិក) ឱ្យលោកក្រាលគ្រងមានឈ្មោះថា“បុណ្យកឋិន“ ឬ “កឋិនទាន“។
បុព្វហេតុកឋិន
វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បានចែងអំពីបុព្វហេតុនៃបុណ្យកឋិនថា“ក្នុងសម័យពុទ្ធកាល ព្រះសម្ពុទ្ធ ទ្រង់ពុទ្ធានុញ្ញាត ឱ្យភិក្ខុប្រើប្រាស់ តែបង្សុកូលចីវរ ព្រះអង្គពុំទាន់បានពុទ្ធានុញ្ញាតឱ្យប្រើគហបតីចីវរនៅឡើយ“ ។
នាសម័យមួយនោះនៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះសម្ពុទ្ធទ្រង់កំពុងតែចាំព្រះវស្សាក្នុងវត្តជេតពន ដែលជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី សាងថ្វាយនៅទៀបក្រុងសាវត្ថី។ គ្រានោះមានភិក្ខុ៣០អង្គ”ភទ្ទវគ្គិយត្ធេរ“ ក្នុងដែនបាឋេយ្យ ជាអ្នកប្រ ព្រឹត្តធម៌ធុតុង្គរុក្ខមូលនៅក្នុងព្រៃបាននាំគ្នានិមន្ត ចេញពីទីនោះមកកាន់ក្រុងសាវត្ថី ដើម្បីនឹងចូលក្រាបបង្គំគាល់ព្រះសម្ពុទ្ធ។ ប៉ុន្តែពេលភិក្ខុទាំងអស់បានមកដល់តែត្រឹមសាកេត (ភូមិមួយនៅជាប់នឹងក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់នឹង ស្រូតមកទៀតមិនទាន់ ក៏នាំគ្នាផ្អាកធ្វើដំណើរស្វែងរកទីសេនាសនៈនៅចាំវស្សា៣ខែ នាទីនោះតែម្ដងទៅ។
ភិក្ខុសង្ឃទាំង៣០អង្គនោះមានសេចក្ដីអផ្សុកកើតទុក្ខតូចព្រះទ័យ យ៉ាងខ្លាំង ដោយគិតឃើញថាព្រះសម្ពុទ្ធទ្រង់គង់នៅទី នោះចម្ងាយត្រឹមតែ៦យោជន៍ (៩៦គីឡូម៉ែត្រ) ទៀតសោះ មិនសមយើងទាំងឡាយស្កុនដំណើរមិនបានចូលគាល់បម្រើ ព្រះអង្គដូចបំណង។
លុះដល់ថ្ងៃចេញវស្សាបវារណាស្រេចហើយ ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ប្រញាល់ចូលកាន់ក្រុងសាវត្ថី។ លុះដល់ហើយ ភិក្ខុទាំង៣០អង្គ ក៏បានចូលទៅក្រាបថ្វាយបង្គំគាល់ព្រះសម្មាសម្ពុទ្ធ ដោយមានស្បង់ចីវរទទឹកជោក។ ព្រះសម្ពុទ្ធ ក៏មាន ព្រះភាគទ្រង់មានព្រះបន្ទូលរួសរាយរាក់ទាក់ និងត្រាស់សួរសុខទុក្ខភិក្ខុទាំងនោះថា “ម្នាលភិក្ខុទាំងឡាយ! តើសរីរយន្ត របស់អ្នកទាំងឡាយ ល្មមអត់សង្កត់បានឬទេ? ល្មមប្រព្រឹត្តទៅបានឬទេ? តើអ្នកទាំងឡាយមានសេចក្ដីព្រមព្រៀងស្មោះ ស្មើឥតមានវិវាទទាស់ទែងគ្នា ទេឬ?“។
ភិក្ខុទាំងឡាយនោះក៏ក្រាបបង្គំទូលនូវសេចក្ដីលំបាកខ្លាំងរបស់ ខ្លួនក្នុងការធ្វើដំណើរ ដែលមានមកតាមផ្លូវ ដោយសព្វ គ្រប់ប្រការ។លំដាប់នោះ ព្រះសម្មាសម្ពុទ្ធសម្ដែងនូវធម្មកថាប្រារព្ធអំពីសង្សារវដ្ដមិនមាន ទីបំផុតប្រោសប្រទានដល់ភិក្ខុ ទាំងនោះ។លុះចប់ធម៌ហើយ ភិក្ខុទាំងឡាយនោះបានសម្រេចព្រះអរហត្តផលគ្រប់ៗអង្គរួចហើយក៏ នាំគ្នាក្រាបថ្វាយបង្គំ លាព្រះសម្ពុទ្ធចៀសចេញទៅ។
លំដាប់តអំពីនោះមកព្រះសម្ពុទ្ធទ្រង់ព្រះពុទ្ធចិន្ដាថា “ប្រសិនបើតថាគតបានអនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយ ទុករួចពីគ្រាមុនមកម៉្លេះសមភិក្ខុទាំង៣០អង្គនេះបានលះចីវរមួយទុក នៅកន្លែង ហើយយកជាប់មកជាមួយខ្លួន តែស្បង់ មួយប៉ុណ្ណោះមានអត្ថិភាពស្រាលមិនលំបាកតាមផ្លូវយ៉ាងនេះ សោះឡើយ។ រីឯកឋិនត្ថារកិច្ចនេះសោត ព្រះពុទ្ធទាំងឡាយ គ្រប់ព្រះអង្គក៏ធ្លាប់បានអនុញ្ញាតទុកដល់សាវកពុំ ដែលលះបង់ផង“។
លុះព្រះសម្ពុទ្ធ ទ្រង់ព្រះតម្រិះយ៉ាងដូច្នេះហើយ ទើបទ្រង់ត្រាស់ឱ្យប្រជុំភិក្ខុទាំងឡាយរួចហើយ ទ្រង់អនុញ្ញាតនូវកឋិន ត្ថារកិច្ចដល់ភិក្ខុទាំងឡាយថា “អនុជានាមិ ភិក្ខវេវស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“។ ប្រែថា“ម្នាលភិក្ខុទាំងឡាយ! តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយទទួលក្រាលគ្រងកឋិនបាន។ ម្នាលភិក្ខុទាំងឡាយ! អានិសង្ស៥ប្រការនឹងសម្រេចដល់ភិក្ខុទាំងឡាយ ដែលជាអ្នកបានក្រាលគ្រង និងបានអនុមោទនា កឋិនរួចហើយនោះ“។
កឋិនកាល (កាលទាន)
ចីវរកឋិនមិនខុសប្លែកគ្នាអំពីចីវរទានដទៃទៀតទេ គ្រាន់តែការធ្វើបុណ្យកឋិនចីវរមានកំណត់កាលបរិច្ឆេទច្បាស់លាស់ និងមានប្រជាប្រិយភាពច្រើន ដែលហៅថា “កឋិនកាល ឬកាលទាន“។
ព្រះសម្ពុទ្ធទ្រង់ពុទ្ធានុញ្ញាតឱ្យភិក្ខុសង្ឃទទួលស្បង់ចីវរអំពី ពុទ្ធបរិស័ទ និងគហបតីទាំងឡាយ ក្នុងពេលមួយខែ កំណត់ ពីថ្ងៃ១រោចខែអស្សុជដល់ថ្ងៃ១៥កើតពេញបូណ៌មីខែកត្តិក (ការរវាងពាក់កណ្ដាលខែតុលាដល់ពាក់កណ្ដាលខែវិច្ឆិកា)។ ព្រះសម្ពុទ្ធទ្រង់ព្រះមេត្តាប្រោសអនុញ្ញាត ដល់ភិក្ខុសង្ឃ ជាអ្នកក្រាលគ្រង និងអនុមោទនាកឋិននោះបានទទួលអានិសង្ស ៥ប្រការ។ជនមានសទ្ធាដែលបានធ្វើកឋិនទានឈ្មោះថាជាអ្នកបានគោរពនូវ ព្រះពុទ្ធដីកា ដែលទ្រង់បានពុទ្ធានុញ្ញាតឱ្យភិក្ខុ សង្ឃបានទទួលអានិសង្ស៥ប្រការផង ជាអ្នកមានចិត្តអាណិតអាសូរ ចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាស នោះផងនិងជាអ្នកតអាយុព្រះពុទ្ធសាសនា អស់កាលជាយូរអង្វែងទៅផង។
ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្ដែងជាគាថាយ៉ាងនេះថា “សុខស្ស ទាតា មេធាវី សុខំ សោអធិគច្ឆតិ“។ ប្រែថា “ជនដ៏មានប្រាជ្ញា (ណាមួយ)បានធ្វើនូវសេចក្ដីសុខស្រួល (ដល់អ្នកដទៃ) ជននោះឯងរមែងបានជួបប្រទះនឹងសេចក្ដីសុខស្រួល (ជាពិតប្រាក ដពុំដែលខានឡើយ)“។
សេចក្ដីអធិប្បាយជាយ៉ាងនេះថា “ជនណាបានធ្វើកឋិនទាន ដែលនាំឱ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ស៥យ៉ាងក្នុងរវាង៥ ខែបានឈ្មោះថាជាអ្នកឱ្យសេចក្ដីសុខស្រួលដល់អ្នកដទៃក្នុងបច្ចុប្បន្ន ជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវ លោកក្នុងអនាគត។
ដោយអំណាចផលានិសង្សនៃកឋិននោះក្នុងអនាគតកាល ជននោះនឹងបានជាឯហិភិក្ខុ ឬឯហិភិក្ខុនីមានត្រៃចីវរកើតឡើង ឯកឯងដោយឫទ្ធិនៅពេលបព្វជ្ជាជា បព្វជិតនៅក្នុងសាសនា ព្រះពុទ្ធអង្គណាមួយហើយក៏នឹងបានសម្រេចមគ្គផលនិព្វាន ក្នុងពេលបព្វជ្ជានោះពុំខានឡើយ“។
តាំងពីពេលនោះតរៀងមកបុណ្យកឋិនបានក្លាយជាបុណ្យទំនៀមមួយរបស់ពួក ពុទ្ធបរិស័ទ ដើម្បីបំពេញនូវសេចក្ដីត្រូវ ការស្បង់ចីវរដ៏វិសេសនេះ។
No comments:
Post a Comment