Friday, November 10, 2017

វត្តភ្នំ

វត្តភ្នំ​គឺជា​បេះដូង​នៃ​ទីក្រុងភ្នំពេញ ដែល​ផ្តល់​ឈ្មោះ​ដល់​ទី​ក្រុង​នេះ។ វត្តភ្នំមានកំពស់ ២៧ម៉ែត្រ​ ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៣៧៣ និង​ជា​សំណង់សាសនា​ដែល​មាន​កំពស់​ខ្ពស់​ជាង​គេ​ក្នុង​ទីក្រុង​ភ្នំពេញ។ មាន​រឿង​ព្រេង​មួយ​តំណាល​ថា មាន​ស្រ្តី​មេមាយ​ម្នាក់​ឈ្មោះ ពេញ ថ្ងៃ​មួយ​បាន​ដើរ​លេង​តាម​ដង​ទន្លេមេគង្គ ក៏​បាន​ឃើញ​ដើម​គគី​មួយ​ដណ្តែត​ជិត​ច្រាំង​ទន្លេ គាត់​ក៏​បាន​ហៅ​អ្នក​ជិត​ខាង​មក​ជួយ​ទាញ​យក​ដើម​គគី​នោះ។ នៅ​ក្នុង​ដើម​គគី​នោះ គាត់​ក៏​បាន​រក​ឃើញ​ពុទ្ធដិ​មាករ​ដ៏​មាន​តំលៃ​ចំនួន​៤អង្គ។ ក្នុង​ឆ្នាំ ១៣៧២ គាត់​ក៏​នាំ​អ្នកស្រុក​ពូន​ជា​ភ្នំ និង សាង​សង់​វិហារ​មួយ​ដើម្បី​តម្កល់​ពុទ្ធដិមាករ​នោះ។
នៅ​ឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បាន​មក​ដល់​ទី​នេះ ហើយ​បាន​កសាង​ទីក្រុង​មួយ​ដោយ​យក​ឈ្មោះ​តាម​កន្លែង​នោះ។ នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ មាន​ចេតីយ៏​ធំ​មួយ​នៅ​ក្រោយ​ព្រះវិហារ ដែល​តំកល់​ព្រះធាតុ​របស់ព្រះបាទ​ពញាយ៉ាត និង​ ចេតីយ៏​សំរាប់​តំកល់​ព្រះធាតុ​របស់​ព្រះញាតិវង្ស​ព្រះអង្គ។ នៅ​ក្នុង​ចេតីយ៏​នោះ នៅ​មាន​សល់​បដិមា​ព្រះពុទ្ធ​នៅ​សម័យ​អង្គរផង​ដែរ។ ចេតីយ៏ និង ព្រះវិហារ នៅ​វត្តភ្នំ បាន​កសាង​ជាច្រើន​ដង គឺ​នៅ​ឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែល​ពី​ម្តង​ទៅ​ម្តង​កាន់​តែ​ធ្វើ​ឲ្យ​វា​មាន​សំរស់​ប្រសើរ​ឡើងៗ ។
ប្រវត្តិ
ក្នុង​កាល​កន្លង​ទៅហើយ (​គ​.​ស ១៣៧២) មាន​ដូនចាស់​ម្នាក់​ឈ្មោះ “​ពេញ​” ជា​អ្នកមាន​ភោគ​សម្បត្តិ​បរិបូរណ៍ មាន​លំនៅ​ក្បែរ​ច្រាំងទន្លេ​បួន​មុខ ។ ផ្ទះ​របស់គាត់​សង់​នៅលើ​ទួល​ខាងកើត​ភ្នំ​តូច​មួយ ។ ថ្ងៃមួយ​ទីនោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទឹកទន្លេ​ជន់​លិច​រហាច​រហឹម ដូនពេញ​បាន​ចុះទៅ​កំពង់ទឹក​ស្រាប់តែ​ឃើញ​ដើម​គគីរ​មួយ​ធំ​អណ្តែត​មក​ក្បែរ​ ច្រាំង ហើយដោយ​អំណាច​ទឹក​ហូរ​សង​ចុះឡើង ដើម​គគីរ​នោះ​ចេះតែ​អណ្តែត​វិលវល់​នៅក្បែរ​ច្រាំង​នោះ ។
លុះ​ដូនពេញ​ឃើញ​ដូច្នេះ ក៏​ប្រញាប់​ទៅ​អំពាវនាវ​ហៅ​អ្នកជិតខាង​ឲ្យ​មកជួយ​ទាញយក​ដើម​គគីរ​នោះ ។ អ្នកជិតខាង​ក៏​នាំគ្នា​យក​ពួរ​ទៅ​ចង ហើយ​អូស​រំកិល​បន្តិច​ម្តងៗ​ទាល់តែ​មកដល់​មាត់ច្រាំង ។ ​ ​ ​ពេលនោះ​ដូនពេញ​យក​កំណាត់ឈើ​ទៅ​កោស​កៀរ​សំអាត​ភក់​ចេញ គាត់់​ក៏បាន​ឃើញ​ក្នុង​ប្រហោង​ឈើ​គគីរ​មាន​ព្រះ​ពុទ្ធរូប ៤ អង្គ​តូចៗ ធ្វើ​អំពី​សំរឹទ្ធិ និង​ទេវរូប​មួយអង្គ​ទៀត​ធ្វើ​អំពី​ថ្ម ។
ទេវរូប​នោះ ទ្រង់​ឈរ​ព្រះ​ហ​ស្ថ​ម្ខាង​ទ្រង់​ដំបង ព្រះ​ហ​ស្ថ​ម្ខាង​ទៀត​ទ្រង់​ស័ង្ខ ព្រះកេសា​បួង ។ ដូនពេញ និង អ្នកជិតខាង​ដែល​ទៅ​ជួយ​មាន​សេចក្តីត្រេកអ​រណាស់ ដោយ​រើស​បាន​របស់​ជាទីគោរព​បូជា​ក៏​នាំគ្នា​ដង្ហែ​ព្រះ​បដិមាករ​ទាំងនោះ​ មកដល់​ផ្ទះ​ដូនពេញ ហើយ​ដូនពេញ​ចាត់​ការសង់​ខ្ទម​មួយ​តូច​តម្កល់​ជា​បណ្ដោះអាសន្ន ។ ថ្ងៃ​ក្រោយមក​ដូនពេញ​អំពាវនាវ​ឲ្យ​អ្នកជិតខាង​ជួយ​លើកដី​ពូន​ភ្នំ ដែល​នៅ​ខាងលិច​ផ្ទះ​របស់គាត់​នោះ​ឲ្យ​ទៅជា​ភ្នំ​មែនទែន ។
បន្ទាប់ពីនោះ​គាត់​ឲ្យ​គេ​អារឈើ​គគីរ​នោះ ធ្វើជា​សសរ​វិហារ​ដែល​គាត់​បំរុង​សង់​លើ​ភ្នំ​នោះ​។​ ​ ​ ​ក្នុង​គ​.​ស ១៣៧២ ដូនពេញ និង អ្នកស្រុក​ជាច្រើន​នាក់ ស្រុះស្រួល​បបួលគ្នា​សាងសង់​ព្រះវិហារ​មួយ​ខ្នង​ប្រក់​ស្បូវភ្លាំង​នៅលើ​ កំពូលភ្នំ​នោះ ហើយ​គាត់​នាំគ្នា​ដង្ហែ​ព្រះ​ពុទ្ធរូប​សំរឹទ្ធិ​ទាំង ៤​អង្គ ទៅ​តម្កល់ទុក​ក្នុង​វិហារ​នោះ ។ ចំណែក​ទេវរូប​ថ្ម​មួយអង្គ​គាត់​ដង្ហែ​ទៅ​តម្កល់ទុក​លើ​អ​សនៈ​មួយ​នៅ​ជើងភ្នំ ​ខាងកើត ហើយដោយ​គាត់​យល់ថា ទេវ​រូបនោះ​អណ្តែត​ទឹក​មកពី​ស្រុក​លាវ និង​មាន​ភាព​ដូចជា​លាវ គាត់​ក៏បាន​សន្មតនាម​ថា “​អ្នកតា​ព្រះ​ចៅ​” នាម​នោះ​ជាប់​ត​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ ។​
នៅ​ខាងក្រោយ​វត្តមាន​ចេ​តី​យ បុរាណ​មួយ​ដែល​តម្កល់​អដ្ឋិធាតុ​ព្រះបាទ​ពញាយ៉ាត (​ព្រះរាជា​ដែល​បាន​យាង​ចោល​ទីក្រុង​អង្គរ​ក្នុង​ឆ្នាំ ១៤៣១ នៃ​គ្រិស្តសករាជ​) ។ អ្នកទេសចរ​ទាំងឡាយ​មិនអាច​ចាកចេញ​ពី​ទីកន្លែង​នេះ ដោយ​មិនបាន​ទៅលេង​ស្តូប​រំលឹក​អនុ​ស្សារី​យ៍ ដែល​ធ្វើ​ឲ្យ​យើង​នឹកឃើញ​ឡើងវិញ​ពី​ដែនដី​ទាំងនេះ កាលពី​អំឡុង​សម័យ​សង្គ្រាមលោកលើកទី​ពីរ​នោះឡើយ ។ ស្តូប​រំលឹក​អនុស្សា​រី​យ៍​នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្នែក​ខាងត្បូង​នៃ​ជើងភ្នំ​។
កូនភ្នំ​នេះ​ត្រូវបាន​គ្របដណ្តប់ និង​ព័ទ្ធជុំវិញ​ដោយ​ដើមឈើ​តំបន់​ត្រូពិច​ដែល​តំណាង​ឲ្យ​វិស័យ​ផ្សេងៗ ដែល​បាន​ចាក់ឫស​នៅ​ពាសពេញ​ប្រទេស ។ ដើមឈើ​ទាំងនេះ​បាន​ក្លាយជា​ទីជម្រក​សម្រាប់​សត្វ​ស្វា និង​បក្សី​ជាច្រើន ជាពិសេស​សត្វ​ជ្រឹង​ធំៗ ដែល​កំពុង​តោង​មែកឈើ​ទាំងឡាយ ។ ​ កាល​សាងសង់​វិហារ​រួចហើយ យាយ​ពេញ​បាន​និមន្ត​ព្រះសង្ឃ​មក​គង់​នៅលើ​ជើងភ្នំ​នោះ នៅ​ទិស​ខាងលិច​ទើប​មាន​ឈ្មោះថា “​វត្តភ្នំ​ដូនពេញ​” ដែល​សព្វថ្ងៃ​ហៅ​កាត់​ថា “​វត្តភ្នំ​” តាំងពី​ពេល​នោះមក​រហូតមកដល់​សព្វថ្ងៃ។

No comments:

Post a Comment