Friday, August 7, 2020

“ ប្រវត្តិវត្តព្រះពុទ្ធមានបុណ្យ “

« ទីតាំងភូមិសាស្រ្ត »
• វត្តព្រះពុទ្ធមានបុណ្យ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខ័ណ្ឌ៧មករា
រាជធានីភ្នំពេញ មានផ្ធៃដី ១០៤ម x ១២៥ម ស្មើនឹង១.៣ ហិកតា ។
ទីតាំងខាងមុខ ជាប់រង្វង់មូលនាងគង្ហីង និងពហុកីឡាដ្ឋានជាតិ
អូឡាំពិក, ខាងត្បូងជាប់ស្ថានីយ៍ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ,
ខាងជើងជាប់បូរីកីឡា និងខាងក្រោយជាប់ផ្លូវលេខ៣៣៦ ។
« ប្រវត្តិសង្ខេប »
• តាមការដំណាលតៗគ្នា បានឲ្យដឹងថា វត្តព្រះពុទ្ធមានបុណ្យត្រូវបានកសាងឡើង នៅ លើទីតាំងមួយជិតវត្តស្រះចកបច្ចុប្បន្ន ត្រង់បន្ទាយទាហានជើងក្រហម ។ ក្រោយមកពួកអាណានិគមបារាំង តម្រូវយកទីនោះធ្វើបន្ទាយ បានឲ្យវត្តរុះរើមកទីតាំងថ្មីវិញ ស្ថិតនៅស្ថានីយរថភ្លើងសព្វថ្ងៃ ។
នៅឆ្នាំ ១៩២១ បារាំងបានឲ្យរុះរើចេញទៀត ដើម្បីយកទីនោះធ្វើស្ថានីយរថភ្លើង ដូច្នោះហើយទើប ព្រះសង្ឃ ពុទ្វបរិស័ទបានរុះរើមកកសាងនៅទីតាំងសព្វថ្ងៃនេះ ។
ទីតាំងថ្មី ដើមឡើយជាត្លុក ត្រពាំង អូរ មានលក្ខណៈភូមិសាស្រ្តស្មុកស្មាញ មិនសមជាទីអារាមឡើយ តែដោយការរុះរើម្ដងជាពីរដង ព្រះសង្ឃនិងពុទ្ធបរិស័ទ បានពុះពារគ្រប់ ការលំបាក ប្រឹងកែច្នៃទីនេះឲ្យមានលក្ខណៈសមរម្យ ជាទីអារាម និងជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ ។
មិនយូរប៉ុន្មាន ទីវត្តថ្មីនេះ ក៏មានការរីកចំរើន មានកុដិ មានព្រះវិហារ ,ឧបដ្ឋានសាលា និងសំណង់ផ្សេងៗទៀតជាច្រើន ហើយប្រការដែលគួរឲ្យកត់សម្គាល់ វត្តបានកសាងឈាបនដ្ឋានមួយបន្ទាប់ពីវត្តឧណ្ណាលោម ដើម្បីសម្រួលដល់សេចក្ដីត្រូវការរបស់ប្រជាជន ។
ដំបូងឡើយវត្តនេះ មានឈ្មោះថា វត្តព្រះពុទ្ធ តែក្រោយមកក៏ត្រូវបានផ្លាស់ឈ្មោះថា វត្តព្រះពុទ្ធមានបុណ្យ វិញ ព្រោះអាស្រ័យហេតុដ៏អស្ចារ្យមួយ គឺពេលដែលព្រះសង្ឃនិងពុទ្ធបរិស័ទ ដង្ហែព្រះពុទ្ធរូបធំ (ព្រះជីវ៍) មួយព្រះអង្គធ្វើអំពីថ្មតាន់ ពីទីវត្តចាស់ មកកាន់ទីតាំងថ្មី ត្រូវឆ្លងកាត់ព្រែកដែលមានស្ពានចាស់ទ្រុឌទ្រោមមួយ ដែលមិនអាចទ្រទម្ងន់ និងដង្ហែបាន ហើយពុទ្ធបរិស័ទក៏ធ្វើការបួងសួងតេជៈបារមីព្រះពុទ្ធថា សូមព្រះអង្គជួយទ្រទ្រង់ស្ពាននេះកុំឲ្យបាក់ស្រុត ហើយសូមឲ្យការដង្ហែនេះ បានទៅដល់ទីកំណត់ ។ ក្បួនដង្ហែក៏បានឆ្លងកាត់ដោយសុវត្ថិភាព បន្ទាប់ពីការបួងសួងរួច ។
ដោយហេតុដ៏អស្ចារ្យនេះ ព្រះសង្ឃ ពុទ្ធបរិស័ទ ក៏ជឿជាក់ ជ្រះថ្លាថា ព្រះពុទ្ធអង្គនេះ ពិតជាមានតេជៈបុណ្យបារមីប្រាកដមែន ក៏សម្រេចដាក់ឈ្មោះវត្តដែលកសាងនៅទីតាំងថ្មីនេះថា វត្តព្រះពុទ្ធមានបុណ្យ រហូតដល់សព្វថ្ងៃ ។
នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ វត្តត្រូវបានបោះបង់ចោល គ្មានព្រះសង្ឃ ពុទ្ធបរិស័ទបំពេញបុណ្យកុសលទៀតឡើយ ហើយទីវត្តទាំងមូលត្រូវបានពួក ប៉ុល ពត យកទៅប្រើប្រាស់ខុសពីគោលដៅពុទ្ធសាសនា ។
នៅឆ្នាំ ១៩៧៩ ក្រោយថ្ងៃរំដោះ ៧មករា វត្តនេះមាននៅសល់អាគារខ្លះៗ ដូចជាកុដិ ពីរបីខ្នង និងឈាបនដ្ឋានមួយ ហើយតមកវត្តក៏ត្រូវបានយកធ្វើជាសាលារៀនបឋមសិក្សា ។ តែដោយផ្អែកលើគោលនយោបាយ របស់រណសិរ្សសង្រ្គោះជាតិកម្ពុជា ដឹកនាំដោយសម្ដេចទាំងបី វត្តក៏បានបើកឡើងវិញ ឲ្យគោរពបូជាតាមប្រពៃណីព្រះពុទ្ធសាសនា នៅ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៩០ ដោយមានសម្ដេចព្រះឧត្តមមុនី ហេង លាងហោ ជាចៅអធិការ រហូតដល់សព្វថ្ងៃនេះ ។
បន្ទាប់ពីបើកឲ្យប្រើប្រាស់មក វត្តក៏មានព្រះសង្ឃគង់នៅ និងមានពុទ្ធបរិស័ទគ្រប់ទិសទីអញ្ជើញមកបំពេញកុសល រហូតទីវត្តទាំងមូលពេញទៅដោយសំណង់ពុទ្ធសាសនាយ៉ាងច្រើន មានព្រះវិហារ កុដិ ឧបដ្ឋានសាលា ចេតិយ ខ្លោងទ្វារ របងវត្ត និងបណ្ណាល័យមួយខ្នងកំពុងសាងសង់ ។ ដទៃពីនេះ ព្រះសង្ឃ អាចារ្យ គណៈកម្មការ ក៏បានរៀបចំ ផ្ទៃវត្តទាំងមូលឲ្យមានសោភណភាព តាមរយៈការចាក់កា្រលបេតុង និងដាំដើមរុក្ខជាតិនានាជាលម្អផងដែរ ។
+ នេះរូបព្រះវិហារវត្តព្រះពុទ្ធមានបុណ្យ ថតក្នុងអំឡុងឆ្នាំ ១៩៣០
- ប្រភពរូប ៖ លោក ស៊ុន ពោរ៉ា
- ដកស្រង់ទាំងស្រុងពី : https://wpbinfo.wordpress.com/about/
Colorise & Old Photos of Cambodia
By: Leak NCee

No comments:

Post a Comment