Colorise & Old Photos of Cambodia
“ រឿងរ៉ាវភ្លើងឆេះព្រះបរមមេរុ និងបញ្ជីរាយព្រះបរមនាម ព្រះនាមនៃសម្តេចព្រះសង្ឃរាជ និងព្រះបរមវង្សានុវង្សខ្មែរដែលបានថ្វាយនិងប្រទានព្រះភ្លើង នាទីវាលព្រះមេរុរាជ ខាងជើងវាំងក្រុងចតុម្មុខសិរីមង្គលក្នុងផែនដីហ្លួង នរោត្តម “
• ដោយយើងរាប់ចាប់តាំងពីព្រះពុទ្ធសករាជ ២៤១០ ដែលត្រូវនឹងឆ្នាំបារាំង ១៨៦៦ មក ពោលគឺជាឆ្នាំដែលហ្លួង នរោត្តម ទ្រង់បានផ្លាស់ប្តូរព្រះរាជធានីពីព្រះបរមរាជវាំងស្រះសារពើយុធក្រុងឧត្តុង្គមានជ័យមកកាន់ព្រះបរមរាជវាំងចតុម្មុខសិរីមង្គលក្រុងភ្នំពេញ ។ កាលនោះស្តេចបានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង មានផ្លូវថ្នល់ វត្តអារ៉ាម និងព្រែកជីកគ្រប់បែបយ៉ាងសម្រាប់ប្រជាអាណានុរាស្ត្ររបស់ព្រះអង្គប្រើប្រាស់ជាប្រយោជន៍ទៅថ្ងៃមុខ ។ ទៀតសោតដីមួយដុំធំដែលជាព្រះរាជទ្រព្យរបស់ហ្លួងស្ថិតនៅជាប់នឹង កំពែងខាងជើង នៃព្រះបរមរាជវាំង ហ្លួងទុកទំនេរប្រើប្រាស់សម្រាប់តែកិច្ចប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង័្គលផង និងទុកជាទីសាងសង់ព្រះមេរុ ថ្វាយនិងប្រទានភ្លើងចំពោះព្រះបរមសពឬព្រះសពនៃសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ផង និងព្រះបរមវង្សានុវង្សផង ។ មានព្រឹត្តការណ៍ដ៏គួរភ្ញាក់ផ្អើលមួយបានកើត នាពេលដែលហ្លួងចាត់ឱ្យមុខក្រសួងសាងសង់ព្រះមេរុជាលើកដំបូង ដើម្បីធ្វើបុណ្យថ្វាយព្រះភ្លើងសម្តេចព្រះមហយ្យិកា រស់ ។ ក្រុមមេការចាប់ធ្វើព្រះមេរុពុំទាន់បានលើកកំពូលផង ក៏ស្រាប់តែវេលានោះភ្លើងឆេះព្រះដំណាក់របស់ព្រះអង្គម្ចាស់ នរោត្តម នព្វរដ្ឋ ខាងជើងវាលព្រះមេរុ ។ ផ្កាភ្លើងបានហើរមកឆាបឆេះលេបត្របាក់ព្រះបរមមេរុដែលទើបតែសាងសង់នោះឆេះអស់គ្មានសល់ ។ លុះក្រោយមកហ្លួងក៏ចាត់ឱ្យសាងសង់ម្តងទៀត និងមានទំហំធំជាងមុន ដោយទំហំគល់សសរ៤ហត្ថ ខ្នាតប្រវែង ២៥ម៉ែត្រ កម្ពស់ពីខឿនក្រោមដល់កំពូលស្មើ ៦៥ម៉ែត្រ និងរចនាវិចិត្រយ៉ាងល្អឯក ។ ខាងក្រោមនេះជាបញ្ជីរាយ ព្រះបរមនាម ព្រះនាម នៃសម្តេចព្រះសង្ឃរាជ និងព្រះខិត្តិយវង្សានុវង្សខ្មែរ ដែលបានដង្ហែ ព្រះបរមសពនិងព្រះសពទៅថ្វាយនិងប្រទានព្រះភ្លើងនាទីព្រះមេរុរាជនៅខាងជើងព្រះបរមរាជវាំងនោះក្នុងរជ្ជកាលហ្លួង នរោត្តម ។ គេហទំព័រ Colorise & Old Photos of Cambodia សូមគោរព សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គរាជវង្ស ចៅជិតចៅចម ម៉មព្រះបរមវង្សានុវង្ស លោក លោកស្រី អ្នកនាងកញ្ញា និងប្រិយមិត្តអ្នក អាន សូមស្តេចយាងទត និងអញ្ជើញទស្សនាដូចតទៅ ៖
១. សម្តេចព្រះមហយិ្យកា ឧត្តិយាវង្សសិរីសេដ្ឋា វរោត្តម
បរមវរាតល សុភមង្គលឧត្តមបរមបពិត្រ អ្នកម៉ែនាង
រស់ ( ជាជីដូនហ្លួង នរោត្តម ហែរពីវាំងក្រុងឧត្តុង្គមក
ថ្វាយព្រះភ្លើងមុនគេបង្អស់នាទីព្រះមេរុ ក្រុងចតុម្មុខ
ក្នុងឆ្នាំ ១៨៨៣ ) ។
២. សម្តេចព្រះមាតុច្ឆាកម្ពុជាធិបតី ព្រះអនុជរាជមាតា សិរី
សុន្ទរធម្មចារិនី មេត្តាសកល អនោបម័យបុញ្ញការ
កុសល ឧត្តមបរមបពិត្រ អ្នកម៉ែនាង ពៅ ( ជាព្រះរវរាជ
មាតាធំ នៃហ្លួងនរោត្តម ថ្វាយព្រះភ្លើង ឆ្នាំ ១៨៨៣
មួយ អាទិត្យក្រោយសម្តេចមហយ្យិកា រស់ ) ។
៣. សម្តេចព្រះអគ្គមហេសី អង្គដួង តារាករ ( ខ្លះហៅតារា
ការ៉ា ជាមហេសីហ្លួង នរោត្តម ថ្វាយព្រះភ្លើងឆ្នាំ
១៨៨៣ បីថ្ងៃក្រោយព្រះសពរបស់អ្នកម៉ែនាង ពៅ ) ។
៤. សម្តេចព្រះភាគិនេយ្យា នរោត្តម ម៉ី ( ជាក្មួយស្រីធំនៃ
ហ្លួងនរោត្តម ស្តេចប្រទានភ្លើងក្នុងថ្ងៃជាមួយនឹង
សម្តេចព្រះអគ្គមហេសី អង្គដួង តារាករ ។ ទាំងបួនព្រះ
អង្គខាងលើនេះគឺថ្វាយនិងប្រទានភ្លើងដោយប្រើមេរុ
តែមួយ ដោយពុំបានរើចេញឡើយ ) ។
៥. សម្តេចព្រះអនុជ អង្គដួង កេសរណី ( ហៅម្ចាស់ ចន្ទវត្តី
ជាប្អូនស្រីរួមមាតាជាមួយហ្លួង នរោត្តម ប្រទានភ្លើងឆ្នាំ
១៨៨៣ ) ។
៦. ស្តេចក្រុមហ្មឺន សិរីអភិរក្សា អង្គដួង សុគន្ធបទ ( ជាប្អូន
ប្រុសរួមបិតាជាមួយហ្លួងនរោត្តម ស្តេចប្រទានភ្លើងឆ្នាំ
១៨៨៣ ) ។
៧. សម្តេចចៅហ្វា ហែម ( ជាម្ចាស់មានៃហ្លួង នរោត្តម
ស្តេចប្រទានភ្លើងឆ្នាំ ១៨៨៣ ក្នុងពេលតែមួយជាមួយ
គ្នានឹងព្រះសពស្តេចក្រុមហ្មឺន និងសម្តេចព្រះអនុជ
កេសរណី ក្នុងមេរុតែមួយ ) ។
៨. ព្រះអង្គម្ចាស់ នរោត្តម ហស្សកណ្ឌ ( ជាបុត្រានៃហ្លួង
នរោត្តម សុគតក្នុងព្រះជន្មាយុ ២៦ព្រះវស្សា
ព្រះរាជទានភ្លើងឆ្នាំ ១៨៨៤ ) ។
៩. សម្តេចព្រះសុគន្ធាធិបតី ប៉ាន ( សម្តេចសង្ឃនៃគណៈ
ធម្មយុត្តិកនិកាយនិងជាព្រះចៅអាវាសវត្តបទុមវដ្តីរាជ
វររាម ហ្លួងថ្វាយព្រះភ្លើងឆ្នាំ ១៨៩៣ ឬ ១៨៩៤ ? ) ។
១០. សម្តេចព្រះស្រី សុទ្ធនា ធម្មចរិយា អ្នកម៉ែ នាងប៉ែន
( ជាព្រះវររាជមាតាហ្លួងនរោត្តម មានព្រះនាមពេញ
យស « សម្តេចព្រះវររាជជននីកម្ពុជាធិបតី រាជមាតា
សិរីសុន្ទរ ធម្មចារិនី មេត្តាសកល ហឫទ័យ អនោបម័យ
បុញ្ញការកុសលមង្គល រតនខិត្តយប្រសិទ្ធីពិពិធម
ហែរុស្សមហសសវរសុជាតា មហាក្សត្រីយ៍ ឧត្តមបរម
បពិត្រ » ស្តេចយាងសោយព្រះពិរាល័យនៅវាំងស្រះ
សារពើយុធ និងហែមកធ្វើបុណ្យថ្វាយព្រះភ្លើងយ៉ាង
អ៊ឹកអធឹកនៅវាំងក្រុងចតុម្មុខសិរីមង្គលក្នុងឆ្នាំ ១៨៩៥ ) ។
១១. និងព្រះបរមសព ព្រះករុណាព្រះបាទសម្តេចព្រះ
នរោត្តម ព្រហ្មបរិរក្ស ( ថ្ងៃអាទិត្យ ១០រោច ខែពិសាខ
ឆ្នាំរោងឆស័ក ព្រះពុទ្ធសករាជ ២៤៤៨ ចុល្លសករាជ
១២៦៦ ដែលត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំបារាំង
១៩០៤ វេលាម៉ោងប្រាំល្ងាច ស្តេចយាងសោយព្រះ
សុវណ្ណគត់ ។ ព្រះបរមសពត្រូវបានរៀបចំធ្វើបុណ្យ
ថ្វាយព្រះភ្លើងតាមព្រះរាជបវេណីបុរាណជាន់ចាស់
ចាប់ពីថ្ងៃទី ២ ដល់ទី ១៣ ខែ មករា ឆ្នាំ ១៩០៦ ) ៕
- នេះជាឆាយាអនុស្សាវរីយ៍នៃព្រះបរមមេរុ សម្តេចព្រះមហយ្យិកា អ្នកម៉ែនាង រស់ ដែលជាជីដូនហ្លួង នរោត្តម ( ខាងក្រោយ ) និងព្រះទីន័ងមហាប្រាសាទ ច័ន្ទឆាយា ( ខាងមុខ ) ថតឆ្នាំ ១៨៨៣ ។
- ឯកសារយោង ៖ • ឯកសារ ព្រះរាជកំណត់បុណ្យ ព្រះ
សុវណ្ណកោដ្ឋ ។
• ឯកសារមហាបុរសខ្មែរ ភាគទី ៧
ស្រាវជ្រាវដោយបណ្ឌិត អេង សុត ។
- @រក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee
No comments:
Post a Comment