Friday, August 7, 2020

រូបសត្វពពែ

 “ រូបសត្វពពែដែលហ្លួងឱ្យស្អាងលម្អ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុក្នុងឆ្នាំចុងក្រោយ “

• ប្រាំខែមុនព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម ព្រហ្មបរិរក្ស ស្តាចយាងសោយព្រះទិព្វជង្គត ពោលគឺនៅថ្ងៃ ១០រោច ខែមិគសិរ ឆ្នាំថោះ ព្រះពុទ្ធសករាជ ២៤៤៧ ចុងឆ្នាំបារាំង ១៩០៣ វេលាចាប់ពីម៉ោង ១២ពាក់កណ្តាលយប់ដរាបដល់ម៉ោង ៤ទាបភ្លឺមានប្រផ្នូរចម្លែកមួយបានកើតឡើង ប្រជាអាណានុរាស្ត្រក្នុងព្រះរាជធានីផ្អើលឈូឆរមើល ផ្កាយមួយដួងរះចំកណ្តាលព្រះច័ន្ទ ធ្វើឱ្យព្រះច័ន្ទអាប់រស្មីមើលពុំច្បាស់ ។ លុះឈានចូលមកដល់ខែ មាឃឆ្នាំដដែល ស្តេចចេញព្រះរាជបញ្ជាឱ្យក្រុមវាំង ស្អាងរូប « សត្វពពែក្រដាស់ » ធំមួយតាង ថ្ងៃខែឆ្នាំកំណើតរបស់ព្រះអង្គ គឺថ្ងៃ ១២កើត ខែមាឃ ឆ្នាំមមែ ។ អស់លោកសេនាបតីនាម៉ឺនមន្ត្រី ខ្ញុំរាជការតាំង រៀបព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយហ្លួង និងលើកតម្កល់រូបសត្វពពែក្រដាស់នោះដាក់លើគ្រឿងតាំងដែលរចនាលម្អ ជា ៣ជាន់ខ្ពស់ត្រដែតនៅចំពីមុខព្រះទីន័ងប័ញ្ចយង្គមហាប្រាសាទ ( ខ្លះហៅប្រាសាទ បាញ់យ៉ុង គឺប្រាសាទណាប៉ូឡេអុង នោះឯង ) ។ លុះដល់វេលាយប់ព្រះទិនកររលត់រង្សី ស្តេចចាត់ឱ្យជាងអុជអគ្គីសនីភ្លឺរន្ទាល ចេញពីសត្វពពែ ក្រដាស់នោះ ។ ព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មាយុហ្លួងនាឆ្នាំនោះអស់រាស្ត្រប្រជា ជុំវិញកំពែងព្រះនគរកើតពិភាល់ឆ្ងល់គ្រប់ៗគ្នាដោយហេតុថារៀបចំបានអ៊ឹកអធឹកជាងឆ្នាំរាល់ៗដង ។ ក្រោយពេលព្រះរាជពិធីបុណ្យបានចប់សព្វគ្រប់អស់ហើយ ស្រាប់តែព្រះរោគដែលតាមយាយីហ្លួងតាំងតែពីយូរណាស់មកហើយនោះ ក៏រើរឡើងកាន់តែធ្ងន់ទៅៗ ។ ទ្រង់ជ្រាបថាព្រះអង្គរឹតតែធ្ងន់ណាស់ទៅហើយ ទើបទ្រង់បង្គាប់ឱ្យព្រះអង្គម្ចាស់ នរោត្តម សុទ្ធាវង្ស ដែលជាព្រះរាជបុត្រាយកត្បូងនិងមាសពីព្រះឃ្លាំងឱ្យជាងស្អាងជាគ្រឿងប្រដាប់សម្រាប់តុបតែងព្រះបរមសពទុកជាមុន រួចទ្រង់ឱ្យនិមន្តព្រះរាជគណៈតាមឋានានុក្រម ៥អង្គមកចម្រើនព្រះពុទ្ធគុណ ព្រះធម្មគុណ ព្រះសង្ឃគុណនិងព្រះគីរីមានន្ទសូត្រថ្វាយទ្រង់ព្រះសណ្តាប់រំឭកព្រះសតិរៀងរាល់ រាត្រី ។ ព្រះករុណាជាអម្ចាស់នៃយើងស្តេចឥតមានភ័យតក់ស្លុតនឹងមច្ចុរាជឡើយ ស្តេចឱ្យហៅអស់ព្រះរាជបុត្រាបុត្រី ព្រះស្នំ ក្រមបរិវារចៅជិតចៅចម ម៉មព្រះបរមវង្សានុវង្សទាំងអស់មកជុំគ្នា រួចស្តេចមានព្រះឱង្ការថា « ដែលកន្លងមក បើអញខ្ញុំបានធ្វើទោសលើសលស់ខុសឆ្គង ដាក់ព្រះរាជទណ្ឌ ដោយកាយវិការ វិចីវិការ មនោវិការតាមទោសពីមុន នោះ អញខ្ញុំសូមខមាទោសនឹងអ្នកទាំងពួងឱ្យអហោសិកម្ម កុំឱ្យមានពៀរវេរាជាប់ទៅថ្ងៃមុខ ហើយសូមឱ្យអញខ្ញុំបានសម្រេចដល់ព្រះពោធិញ្ញាណ ដូចដែលអញខ្ញុំបានប្រាថ្នា » ។
ថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំរោងឆស័ក ចុល្លសករាជ ១២៦៦ ព្រះពុទ្ធសករាជ ២៤៤៨ ដែលត្រូវនឹងថ្ងៃទី ២៤ ខែអាវរីល ( មេសា ) ឆ្នាំបារាំង ១៩០៤ វេលាម៉ោង ៥ល្ងាចស្តេចសោយព្រះទិវង្គត ក្នុងព្រះបរមរាជវាំង ចតុម្មុខសិរីមង្គល ព្រះរាជធានីភ្នំដូនពេញ ។
+ សូមបញ្ជាក់ថា កន្លងមកខ្ញុំអភិបាលគេហទំព័រ Colorise & Old Photos of Cambodia បានឃើញមានឯកសារ មួយចំនួនសរសេរថា « ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម អតីតព្រះចៅក្រុងកម្ពុជាធិបតីស្តេចសោយព្រះទិវង្គត នាក្រុងទេពមហានគរ រាជអាណាចក្រស្យាម នោះគឺពុំពិតឡើយយើងសុំបដិសេធទាំងស្រុង ដោយយើងយក ឯកសារមហាបុរសខ្មែរ ដែលចារពិតៗ ដោយអ្នកប្រាជ្ញ បុរាណជាន់ចាស់របស់យើងធ្វើជាគោល និងមួយទៀតតាមរយៈព្រះបរមឆាយាល័ក្ខណ៍ដែលអស់លោកបារាំងអាណានិគម លោកបានថតទុកឱ្យជាឯកសារសម្រាប់ការស្រាវជ្រាវ ។
- ឯកសារយោង ៖ • ឯកសារមហាបុរសខ្មែរ រៀបរៀង
ដោយសាស្ត្រាចារ្យ អេង សុត ។
• រឿង « សារ៉ាម៉ានី » និពន្ធដោយ
លោក Roland Meryer ។
- ប្រភពរូប ៖ Roger-violet.fr
- @រក្សាសិទ្ធិនិងបន្ថែមពណ៌ដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee
Image may contain: sky and outdoor

No comments:

Post a Comment