Friday, August 7, 2020

ស័ក្តិមន្ត្រីក្នុងរាជសម័យបុរាណ

 Colorise & Old Photos of Cambodia

July 3
“ យល់ដឹងអំពីស័ក្តិមន្ត្រីក្នុងរាជសម័យបុរាណជាន់ចាស់ ទី ហ្មឺន, ឃុន,ហ្លួង,ព្រះ,ឧកញ៉ា និងទី ពញា "
• អភិបាលគេហទំព័រ Colorise & Old Photos of Cambodia សូមបង្ហោះផ្សាយថ្វាយនិងជូនជាលើកទី ២ អំពី ស័ក្តិមន្ត្រីក្នុងព្រះនគរក្រុងកម្ពុជា នារាជសម័យបរមបុរាណជាន់ចាស់ ដែលរៀបរាប់លម្អិតពីថ្នាក់ទាបទី « ហ្មឺន » ឡើងរហូតដល់ទី « ពញា » ដែលមានអត្ថន័យដូចខាងក្រោម ។ សូម សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គរាជវង្ស ចៅជិតចៅចម ម៉មព្រះបរមវង្សានុវង្ស លោក លោកស្រី អ្នកនាងកញ្ញា និងប្រិយមិត្តអ្នក អាន សូមស្តេចយាងទត និងអញ្ជើញទស្សនាដូចតទៅ ៖
+ ស័ក្តិមន្ត្រី ទី ៖
១. ហ្មឺន ឬ ម៉ឺន : ជាជំនុំស័ក្តិមន្រ្តីទាបជាងទី « ឃុន »
តាមបវេណីក្នុងកម្ពុជរដ្ឋជាន់ចាស់ កូនប្រុស
របស់សេនាបតី ឬស្តេចត្រាញ់ប្រចាំតំបន់
ណាមួយទាំងអស់ត្រូវហៅ « ហ្មឺន » តាំង
ពីនៅជាកុមារតូចពុំចាំបាច់តាំងឡើយ រីឯ
កូនស្រីត្រូវហៅថា « អ្នកនាង » ។ ក្នុងរជ្ជ
កាលព្រះបាទសម្តេច ព្រះរាមាធិបតី ឬ
រាមាជើងព្រៃ ( គ.ស. ១៥៩៤ ដល់ ១៥៩៦
សម័យលង្វែក ) ស្តេចប្រទានស័ក្តិនេះទៅ
បុគ្គលពីររូបដែលហ្លួងសព្វព្រះរាជហឫទ័យ
ដែលមាន ៖
១.១. ហ្មឺន ឬ ម៉ឺន ឯក ( នេន ទុំ )
១.២. ហ្មឺន ឬ ម៉ឺន ពេជ្រ ( តន្ត្រីករ ក្នុងវាំង ) ។
+ លុះមកផែនដីហ្លួង នរោត្តម រហូតមក ស័ក្តិនេះព្រះ
ករុណាជាអម្ចាស់ស្តេចសព្វព្រះរាជហឫទ័យ
ប្រទានឱ្យទៅ អស់លោកអ្នកកវីនិពន្ធដែល
ជាអ្នកទំនុកបម្រុងអក្សរសាស្ត្រជាតិ ដោយ
ហ្លួងបន្ថែម « យស » នៅពីក្រោយ ស័ក្តិទី
« ហ្មឺន » ដែលមាន ៖
១.៣.ហ្មឺន ភក្តីអក្សរ តន់ ( អ្នកនិពន្ធរឿងសព្វ
សិទិ្ធ ឆ្នាំ ១៨៩៩ ផែនដីហ្លួង នរោត្តម )
១.៤. ហ្មឺន បណ្ណានុរក្ស ប៊ូ ប៉រ ឬ ប៊ូ ប៉ូ
២. ឃុន : ក្នុងសម័យបុរាណ គោរមងារនេះ
ហៅបានតែចំពោះបុរសដែលមាន
បណ្ដាស័ក្ដិបួនហ៊ូពាន់តែប៉ុណ្ណោះ ( មាន
អំណាចត្រួតពលបានបួនពាន់នាក់ ) លុះ
មកដល់រាជ្យព្រះករុណា អង្គ ដួង
រាងមក គោរមងារ នេះត្រូវបានហ្លួង
ប្រទានឱ្យទាំងបុរសទាំងស្ត្រីណា ដែល
ជាអ្នកផ្តល់ជាប្រយោជន៍ចំពោះផែនដី
( មានគ្រូរបាំគ្រូតន្ត្រី ) ឬជាបាទបរិចាកា
និងព្រះញាតិវង្សនៃហ្លួង ។ ( បង្ហោះ
ផ្សាយម្តងរួចហើយ ) ។
៣. ហ្លួង : ជារាជស័ព្ទប្រើហៅជំនួសពាក្យ «ស្តេច»
ក៏បាន ។ តែត្រង់នេះ គឺជាឋានន្តរស័ក្តិឬ
បណ្ដាស័ក្តិមន្ត្រីថ្នាក់តូចជាងទី « ព្រះ »
និងធំជាងទី « ឃុន » ព្រះករុណាជា
អម្ចាស់ផែនដីស្តេច ច្រើនតែប្រទានឱ្យក្រុម
កវីនិពន្ធ ដូចស័ក្តិ « ហ្មឺន » ដែរដែលមាន ៖
៣.១. ហ្លួងវិសុទ្ធមេធា អ៊ុច រស់ ( អ្នកនិពន្ធរឿង
នាងកណ្ឌុលកេសី )
៣.២. ហ្លួងនិពន្ធមន្ត្រី ញ៉ុក ថែម
៣.៣. ហ្លួងវិសុទ្ធអក្ខរា កុយ អ៊ុក ។
៤. ព្រះ : ជាពាក្យហៅឋានន្តរមន្ត្រីស័ក្ដិ ៦ ហ៊ូពាន់ ។
ជាស័ក្តិធំជាងទី « ហ្លួង »និងទាបជាងទី
« ឧកញ៉ា » និងច្រើនប្រើក្នុងឋានន្តរស័ក្តិ
របស់មន្ត្រីសង្ឃ ។ ក្នុងបុរាណសម័យស័ក្តិ
នេះព្រះមហាក្សត្រក៏ច្រើនតែប្រទានឱ្យ
ក្រុមកវីអ្នកនិពន្ធខ្មែរដូចគ្នា ដែលមាន ៖
៤.១. ព្រះសន្ធរអក្ខរិន្ទ សរ ( កវីនិពន្ធខ្មែរផែនដី
ហ្លួង ស៊ីសុវត្ថិ មុនីវង្ស )
៤.២. ព្រះស្រីអញ្ជិត ( អ្នកនិពន្ធរឿង ចន្ទឃាត
គ.ស. ១៨៥៨ ផែនដីព្រះអង្គដួង )
៤.៣. ព្រះបញ្ញាធិបតី កៅ ( អ្នកនិពន្ធរឿង សមុទ្ទ
ឃោសៈ ឆ្នាំ ១៨១៨ ផែនដីក្សត្រីយ៍អង្គ ម៉ី )
៤.៤. ព្រះធម្មបញ្ញា អ៊ុក ( អ្នកនិពន្ធរឿង មរណៈ
មាតា ឆ្នាំ ១៨៧៧ ផែនដីហ្លួង នរោត្តម )
៥. ឧកញ៉ា : ជាឋានន្តរស័ក្ដិនៃមន្ត្រីថ្នាក់ខ្ពស់ជាងទី
« ព្រះ » តែទាបជាងទី « ពញា » សំដៅ
សេចក្ដីថា ជាអ្នកចេះត្រួតត្រាមុខការក្នុង
ក្រសួងឬនាទីរបស់ខ្លួន និងច្រើនតែប្រើហៅ
ចៅហ្វាយខែត្រ ឬមេទ័ពខ្មែរក្នុងរាជសម័យ
បុរាណជាន់ចាស់ ។ ជាទូទៅយើងហៅតាម
លំដាប់ថ្នាក់ស័ក្ដិធំតូចថា លោកអ្នកឧកញ៉ា,
អ្នកឧកញ៉ា ,ឬ ឧកញ៉ា ។ ដែលមានដូចជា ៖
៥.១. ឧកញ៉ាសុភាធិបតី អ៊ុក ( អ្នកនិពន្ធរឿង ខ្យង
ស័ង្ខ ឆ្នាំ ១៦៩៣ ផែនដី ព្រះបាទជ័យជេដ្ឋាទី
៣ ឬអង្គ សូរទី ២ )
៥.២. ឧកញ៉ាសន្ធររចនា ណុប ( កវីនិពន្ធផែនដី
ហ្លួង ស៊ីសុវត្ថិ មុនីវង្ស )
៥.៣. លោកឧកញ៉ាសន្ធរវោហារ ម៉ុក ( ឬហៅ
អម្រឹតក្សត្រី ម៉ុក អ្នកនិពន្ធរឿង ទេវ័ន្ទ ឆ្នាំ
១៨៥៩ ចុងផែនដីព្រះបាទ អង្គ ដួង )
៥.៤. ឧកញ៉ាពិភក្សឥស្សរា ភោគ ( ព្រះរាជ
អាជ្ញាហ្លួង ខែត្រត្បូងឃ្មុំ ផែនដីព្រះអង្គដួង )
៥.៥. ឧកញ៉ាសេនាជ័យ យុក ( មេទ័ពវាយ
បង្រ្កាបទ័ពបះបោរចាមជ្វា នៅខែត្រលង្វែក
ផែនដីព្រះបាទ អង្គ ដួង ) ។
៦. ពញា : ជាបណ្តាស័ក្តិ ខ្ពស់ជាងគេសម្រាប់ហៅ
ចំពោះព្រះរាជបុត្រាទាំងពួងរបស់ក្សត្រិយ៍
ទ្រង់រាជ្យ ។ ដែលមានដូចជា ៖
៦.១. ពញា យ៉ាត ( ព្រះនាមពេញព្រះបាទ
សម្ដេច ស្ដេចព្រះរាជឱង្ការ ព្រះបរមរាជាធិរាជ
រាមាធិបតី ព្រះ ស្រីសុរិយោពណ៌ ធម្មិក មហា
រាជាធិរាជ បរមបពិត្រ ឬព្រះស្រីសុរិយោពណ៌
ទី ២ )
៦.២. ពញា តូ ( ព្រះនាមពេញ ព្រះបាទស្រី
ធម្មរាជាទី ២ ឬព្រះរាជសម្ភាបរមពិសេស ។
ជាបុត្រារបស់ព្រះបាទ ជ័យ ជេដ្ឋា ឬ
ព្រះជេស្តាទី ២ )
៦.៣. ពញា តន់ ( ឬព្រះបរមរាជាទី ៥ ខ្លះថាទី ៦
ជាព្រះរាជបុត្រាព្រះបាទ សត្ថាទី ១ នា
សម័យលង្វែក ) ។
+ លុះអំណឹះតមក ស័ក្តិ « ពញា » នេះត្រូវបាន ព្រះ
មហាក្សត្រិយ៍ទ្រង់យកមកប្រើជាឋានន្ដរនៃមន្ត្រី
ថ្នាក់ខ្ពស់វិញ ដោយចែកជា ៣ថ្នាក់គឺ ៖
១. ពញា
២. ចៅ ពញា
៣. សម្តេចចៅ ពញា
- ជាឧទាហរណ៍មានដូចតទៅ ៖
១.១. ពញាពិជ័យរឿងឫទ្ធិសិទ្ធីសង្រ្គាម ផុន ( ក្រោយមក
ក៏ឡើងជាទី ឧកញ៉ាពិជ័យរឿងឫទ្ធិសិទ្ធីសង្រ្គាម ផុន
ព្រះក្រមការស្រុកបាត់ដំបង ផែនដីព្រះអង្គដួង ) ។
២.១. ចៅពញា គទាធរ ធរណិន្រ្ទ ឈុំ ( ស្តេចត្រាញ់ ក្នុង
ខែត្របាត់ដំបង )
២.២. ចៅពញា ភក្តីសង្គ្រាម ហុក
៣.១. សម្តេចចៅពញា កែ ជាសម្តេចចៅហ្វាទឡ្ហៈ ( មាន
ឋានៈស្មើនឹងនាយករដ្ឋមន្ត្រីសព្វថ្ងៃ ) ក្នុងផែនដី ព្រះ
បាទ ពញាយ៉ាត ។
៣.២. សម្ដេចចៅពញា បែន ( ជាចៅហ្វាទឡ្ហៈ ក្នុងឆ្នាំ
១៥១៦ និងជាមេទ័ពនៃព្រះបាទបរមខត្តិយា មហាចន្ទ
រាជា ) ៕
- Link ខាងក្រោមនេះជាឯកសារដែលយើងបានបង្ហោះផ្សាយម្តងរួចហើយ កាលពីថ្ងៃពុធ ទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅ ។
- ប្រភពរូប ៖ Sir Émile Gsell
- ឯកសារយោង ៖ • វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន
ណាត ជោតញ្ញាណោ
• ឯកសារ មហាបុរសខ្មែរ បោះពុម្ពផ្សាយដោយ
ក្រសួង អប់រំយុវជន និងកីឡា
• អ្នកនិពន្ធខ្មែរ ព្រះបាទអង្គ ដួង ( ដោយ លោក
សាស្ត្រាចារ្យ លាង ហាប់អាន )
• វចនានុក្រម ពុទ្ធសាសនបណ្ឌិត្យ
• បាត់ដំបងសម័យលោកម្ចាស់ ( ដោយលោក
ទូច ឈួង ឬ ទូច ឈួន ? )
- @រក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee
Image may contain: 1 person, sitting

No comments:

Post a Comment