Friday, August 7, 2020

ហោសំរាន្តភិរម្យ

 Colorise & Old Photos of Cambodia

“ ហោសំរាន្តភិរម្យ ទីដែលហ្លួងទ្រង់ឡើងឆ្លងគង់ប្រថាប់លើព្រះទីន័ងគជេន្រ្ទ “
• ប្រាសាទហោសំរាន្តភិរម្យ ស្ថិតនៅខាងជើងជាប់នឹងព្រះទីន័ងមហាប្រាសាទទេវាវិនិច្ឆ័យ ។ ប្រាសាទនេះកសាងឡើងដំបូងក្នុងឆ្នាំ ១៨៦៦ ក្នុងផែនដីហ្លួង នរោត្តម ស្របពេលនឹងការកសាងព្រះបរមរាជវាំងក្រុងចតុម្មុខដែរ ។ លុះមកដល់ផែនដី ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះ សិរីសុវត្ថិ គ្រាហ៍ដែលហ្លួងចាត់ឱ្យជាងសាងសង់ព្រះមហាប្រាសាទទេវាវិនិច្ឆ័យថ្មី ក្នុងឆ្នាំបារាំង ១៩១៥ ដល់ឆ្នាំ ១៩១៧ ហ្លួងក៏ចេញព្រះរាជបញ្ជាឱ្យរុះរើ ហោសំរាន្ត ភិរម្យនេះចេញដូចគ្នានឹង ព្រះទ្វារមណ្ឌល ដែរតែព្រះអង្គ ទ្រង់ចាត់ឱ្យសាងសង់សាជាថ្មីតាមរចនាបថដដែល ។ ពីដើមប្រាសាទនេះ នៅជាន់ខាងក្រោមប្រើប្រាស់សម្រាប់ ទុកដាក់ឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងគ្រឿង ប្រដាប់ប្រដាសម្រាប់ព្រះរាជពិធីហែក្បួនផ្សេងៗ ។ រីឯនៅជាន់ខាងលើ ជាបន្ទប់សម្រាប់ព្រះមហាក្សត្រទ្រង់សំរួលព្រះកាយមុននិងក្រោយ ពេលព្រះអង្គទ្រង់គង់ និងចុះពីព្រះទីន័ងគជេន្ទ្រ ( ដំរី ) នៅពេលត្រលប់ពីបរបាញ់សត្វ ឬឡើងឆ្លងទៅគង់លើគជេន្រ្ទក្នុងព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ។ លុះចំណេរកាលមកដល់រាជ្យសម័យ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ មកប្រាសាទនេះបានក្លាយទៅជា « សារមន្ទីរព្រះសីហនុ » ដែលមានតម្កល់ទុកវត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃ ដែលមហាអគ្គបុរសរដ្ឋ នៃបណ្តាប្រទេសនានាជាមិត្ត បានថ្វាយចំពោះព្រះមហាក្សត្រ ។ ក្នុងឆ្នាំ ២០០៥ សារមន្ទីរព្រះសីហនុនេះត្រូវ បានរើចេញទៅដាក់នៅថែវខាងមុខប្រាសាទភោជនីយវិញ រហូតមកដល់សព្វថ្ងៃ ។
- នេះជារូបថត ហោសំរាន្តភិរម្យ ថតក្នុងឆ្នាំ ១៨៧៧ ផែនដីហ្លួង នរោត្តម ។
- ឯកសារយោង ៖ • មគ្គុទេសក៍ទេសចរ ដោយលោក ស្រី
សារឿន ។
- @រក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee
Image may contain: outdoor

No comments:

Post a Comment