Friday, August 7, 2020

សម្តេចព្រះកែវហ្វា ស៊ីសុវត្ថិ ព្រះវររាជមាតានៃហ្លួង ស៊ីសុវត្

 “ រឿងរ៉ាវនៃការសោយព្រះពិរាល័យនៃសម្តេចព្រះបិយោ ព្រះបរមអច្ឆរាអប្សរ អ្នកម៉ែនាង ពូ ដ៏កម្សត់ដែលជាព្រះវររាជមាតានៃហ្លួង ស៊ីសុវត្ថិ “

• ក្នុងខែ អាសាឍ ឆ្នាំកុរ ព្រះពុទ្ធសករាជ ២៤០៨ ដែលត្រូវនឹងឆ្នាំបារាំង ១៨៦៤ សម្តេចព្រះកែវហ្វា ស៊ីសុវត្ថិ ព្រះអង្គបានយាងទៅទ្រង់ព្រះភ្នួសនៅវត្ត បវរនិវេស ក្រុងទេពមហានគរប្រទេសស្យាម តាមព្រះរាជតម្រាស់ដ៏ខ្ពងខ្ពស់នៃព្រះជេដ្ឋា ( ហ្លួងបង ) ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម ព្រហ្មបរិរក្ស ។ កាលនោះសម្តេចព្រះកែវហ្វា ស៊ីសុវត្ថិ ទ្រង់អញ្ជើញ ព្រះបរមអច្ឆរាអប្សរ អ្នកម៉ែនាង ពូ ( ឯកសារខ្លះហៅ ពៅ ) ដែលជាព្រះវររាជ មាតា ព្រមទាំងសម្តេចព្រះវររាជធីតា ព្រះស្រីវរក្សត្រីយ៍ អ៊ូ ( អង្គដួង ស្រអ៊ូ ) ជាអគ្គមហេសី , សម្តេចព្រះវររាជធីតា ព្រះមហាក្សត្រីយ៍ អង្គដួង ត្រម៉ុល ជាព្រះអគ្គជាយា, ព្រះម៉ែយួរ សុជាតិនារី, ព្រះអង្គម្ចាស់ កែវមនោ និងបណ្តាព្រះញាតិខិត្តិយវង្សនិងខ្ញុំបម្រើជាច្រើនអង្គនាក់ផ្សេងទៀតដែលគង់ប្រថាប់ និងកំពុងរស់នៅក្នុងព្រះបរមរាជវាំងស្រះសារពើយុធ ឱ្យឡើងគង់និងជិះលើព្រះទីន័ងគជេន្រ្ទយាងទៅស្រុកសៀមទាំងអស់គ្នា ។ លុះយាងទៅដល់ខែត្របាត់ដំបង ស្តេចក៏អញ្ជើញព្រះបរមវង្សានុវង្សទាំងអស់ ឱ្យគង់នៅដំណាក់ខែត្របាត់ដំបង ហើយស្តេចក៏យាងហួសទៅក្រុងទេពមហានគរ ជាមួយនឹងលោក ពញារាជវរានុកូល ។ សម្តេចព្រះហរិរាជរតនៃក្រៃកែវហ្វា ស៊ីសុវត្ថិ ទ្រង់បព្វជ្ជាជាភិក្ខុសង្ឃបាន ៥ខែរួចព្រះអង្គក៏លាចាកសិក្ខាបទវិញ និងគង់ប្រថាប់នៅទីនោះ ។
លុះមកដល់ឆ្នាំ រោងសំរិទ្ធិស័ក ព្រះពុទ្ធសករាជ ២៤១៣ ត្រូវនឹងឆ្នាំបារាំង ១៨៦៩ សម្តេចព្រះកែវហ្វា ស្តេចយាងមកវិញ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម ទ្រង់ធ្វើបដិសណ្ឋារកិច្ចរាប់អានក្រៃពេក ទ្រង់មានព្រះរាជឱង្ការ នឹងសេនាបតីថា គួរទទួលសម្តេចព្រះកែវហ្វាឱ្យគង់នៅក្នុងព្រះនគរ តរៀងទៅ ។ សម្តេចព្រះកែវហ្វា ស្តេចគង់ប្រថាប់នៅក្នុងវាំងចតុម្មុខសិរីមង្គលជាមួយនឹង ហ្លួងបង ។ ថ្ងៃក្រោយមកសម្តេចព្រះកែវហ្វាស្តេចចាត់មន្ត្រីខ្ញុំរាជការ ឱ្យទៅអញ្ជើញព្រះបរមអច្ឆរាអប្សរ អ្នកម៉ែនាង ពូ ដែលជាព្រះវររាជមាតា និងសម្តេចព្រះវររាជធីតា ព្រះស្រីវរក្សត្រីយ៍ អ៊ូ ជាអគ្គមហេសីដែលគង់ប្រថាប់នៅឯស្រុកបាត់ដំបងនោះ មកគង់នៅដំណាក់ក្នុងវាំងចតុម្មុខសិរីមង្គល ព្រះរាជធានី ភ្នំពេញវិញ តែសម្តេចព្រះបរមអច្ឆរាអប្សរ ទ្រង់ពុំយល់ព្រមដោយទ្រង់ចង់យាងទៅគង់នៅដំណាក់កំពង់ហ្លួង ព្រោះទីនោះនៅជិតនឹងសម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ អ្នកម៉ែនាង ប៉ែន ដែលធ្លាប់គង់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាព្រះវររាជមាតាហ្លួង នរោត្តម ឯព្រះបរមរាជវាំងស្រះសារពើយុធ ក្រុងឧតុង្គមានជ័យវិញ ។ កាលនោះសម្តេចព្រះវររាជធីតា ព្រះមហាក្សត្រីយ៍ អង្គដួង ត្រម៉ុល , ព្រះម៉ែយួរ ព្រះសុជាតិនារី ព្រមទាំងព្រះអង្គម្ចាស់ កែវមនោ និងព្រះញាតិវង្សានុវង្ស ឯទៀតពុំបានយាងមកជាមួយទេ ដោយគង់ប្រថាប់នៅដំណាក់ឯខែត្របាត់ដំបង រហូតដល់ថ្ងៃ សុគត និងអស់បុណ្យ ។
ក្នុងឆ្នាំរោងដដែល មិនទាន់បានមួយខែស្រួលបួលផង សម្តេចព្រះបរមអច្ឆរាអប្សរ អ្នកម៉ែនាង ពូ ទ្រង់ព្រះអាពាធជាទម្ងន់ដោយព្រះអង្គកើតជម្ងឺ បូសក្នុងថ្លើម ។ សម្តេចព្រះកែវហ្វា ស៊ីសុវត្ថិ ព្រះអង្គទ្រង់ជ្រាប ស្តេចយាងទៅទ្រាំជម្ងឺ ( មើលថែជម្ងឺ ) ព្រះវររាជមាតាជាយូរថ្ងៃ ទ្រង់ប្រកបថ្នាំពុំត្រូវ ព្រះរោគនៅតែមិនបានធូរស្បើយសោះ ។ រហូតមកដល់ថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោងសំរិទ្ធិស័ក ព្រះពុទ្ធសករាជ ២៤១៣ ដែលត្រូវគ្នានឹងព្រះគ្រិស្ទសករាជ ១៨៦៩ សម្តេចព្រះបិយោ ព្រះបរមអច្ឆរាអប្សរ អ្នកម៉ែនាង ពូ ដែលមានបុណ្យវាសនាតិចទាប និងមានកំណើតប្រសូតក្នុងឆ្នាំ ថោះ ព្រះពុទ្ធសករាជ ២៣៦៤ ចំនឹងឆ្នាំបារាំង ១៨២០ ព្រះអង្គស្តេចយាងសោយព្រះពិរាល័យ ក្នុងព្រះជន្មាយុ ៤៩ព្រះវស្សា នៅព្រះដំណាក់កំពង់ហ្លួងយ៉ាងអាណោចអាធម្មក្រៃលែង ។ សម្តេចព្រះកែវហ្វា ស៊ីសុវត្ថិ ស្តេចចាត់មន្ត្រីខ្ញុំរាជការឱ្យសង់ព្រះរោងមួយខ្នងនៅខាងជើង កំពង់ពោធិ៍តូច សម្រាប់តម្កល់ព្រះសពសម្តេចព្រះវររាជមាតា និងរង់ចាំរហូតដល់ថ្ងៃថ្វាយព្រះភ្លើង នៅទីនោះ ។
- អភិបាលគេហទំព័រ Colorise & Old Photos of Cambodia សូមថ្វាយព្រះរាជមហាកុសល និងព្រះអាល័យ សូមព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបិយោ ព្រះបរមអច្ឆរាអប្សរ អ្នកម៉ែនាង ពូ សូមស្តេចយាងទៅគង់ប្រថាប់នាសួគ៌ាសុវណ្ណ កុំបីឃ្លៀងឃ្លាតឡើយ ។ និងយើងខ្ញុំសូមអភ័យទោសចំពោះប្រិយមិត្ត និងមិត្តអ្នកអានទាំងអស់ជាមុនផង ខាងគេហទំព័រយើងខ្ញុំខំប្រឹងស្រាវជ្រាវស្វែងរកព្រះបរមឆាយាល័ក្ខណ៍ របស់សម្តេចព្រះបរមអច្ឆរាអប្សរ ដែរតែរកពុំបានតម្រុយ សោះឡើយ ។
- ឯកសារយោង ៖ • ឯកសារមហាបុរសខ្មែរភាគ ៧ ស្រាវ
ជ្រាវដោយ សាស្ត្រាចារ្យ អេង សុត ។
• វចនានុក្រុម សម្តេចព្រះសង្ឃរាជ ជួន
ណាត ជោតញាណោ ។
- @រក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee

ព្រះសពព្រះវររាជមាតាហ្លួងសុីសុវត្ថិ ទេពអក្សរអម្ពរ ពៅ និងព្រះសពអគ្គមហេសីអង្គដំបូងទ្រង់ សិរីវរៈក្សត្រិយ៍ ត្រូវបានថ្វាយព្រះភ្លើងក្នុងឆ្នាំ១៩០៦ គឺក្រោយការថ្វាយព្រះភ្លើងព្រះបរមសព ព្រះករុណា នរោត្តម បាន១៥ថ្ងៃ...



Image may contain: 1 person

No comments:

Post a Comment