Friday, August 7, 2020

យល់ដឹងអំពីគោរមងារ ឃុន, ម៉ម, និង អ្នកម្នាង

 “ យល់ដឹងអំពីគោរមងារ ឃុន, ម៉ម, និង អ្នកម្នាង “

• ជាចម្ងល់ដែលប្រិយមិត្តអ្នកអាន និងអ្នកសិក្សាស្រាវជ្រាវតែងតែចោទសួរមកខាងយើងខ្ញុំជារឿយៗ ។ ថ្ងៃនេះគេហទំព័រ Colorise & Old Photos of Cambodia សូមអុចចន្លុះបំភ្លឺជាប្រទីប បំបាត់មន្ទិលសង្ស័យរបស់ប្រិយមិត្តអ្នកអាន និងអ្នកសិក្សាស្រាវជ្រាវឱ្យបានយល់ដឹងអំពី អត្ថន័យនៃគោរមងារ « ឃុន ,ម៉ម,និង អ្នកម្នាង » ដែលយើងនឹងអធិប្បាយប្រាយប្រាប់ដូចខាងក្រោមនេះ ៖
- ពាក្យ « ឃុន » ក្នុងសម័យបុរាណ គោរមងារនេះ
ហៅបានតែចំពោះបុរសដែលមាន
បណ្ដាស័ក្ដិបួនហ៊ូពាន់តែប៉ុណ្ណោះ ( មាន
អំណាចត្រួតពលបានបួនពាន់នាក់ ) លុះ
មកដល់រាជ្យព្រះករុណា អង្គ ដួង
រាងមក គោរមងារ នេះត្រូវបានហ្លួង
ប្រទានឱ្យទាំងបុរសទាំងស្ត្រីណា ដែល
ជាអ្នកផ្តល់ជាប្រយោជន៍ចំពោះផែនដី
( មានគ្រូរបាំគ្រូតន្ត្រី ) ឬជាបាទបរិចាកា
និងព្រះញាតិវង្សនៃហ្លួង ដែលមាន :
១. ឃុន ជុត ចម ( មហេសី អង្គ ដួង )
២. ឃុនព្រះញាតិ អ្នក ឡឹក ( មហេសី នរោត្តម )
៣. ឃុនព្រះម្នាង គន្ធបុប្ផាស៊ី (មហេសី ស៊ីសុវត្ថិ)
៤. ឃុនព្រះម៉ែម្នាង បុប្ផានរលក្ខណ៍ មាឃ
( មហេសីហ្លួង ស៊ីសុវត្ថិ មុនីវង្ស )
៥. ឃុនទេពធីតារបាំ គ្រីប
( មហេសីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រដ្ឋារី )
៦. ឃុនទេពកញ្ញាសោភា យៀប គីម អាន
( មហេសីហ្លួង នរោត្តម សុរាម្រិត )
៧. ឃុនប្រសើរលេខា ( គ្រូគូរក្បាច់ក្រណាត់ )
៨. ឃុនសំនៀង គម ( គ្រូរនាតឯក )
៩. ឃុន រងំសម្លេង សេក អ៊ួច ( គ្រូស្រឡៃ )
១០. ឃុនព្រះសណ្តាប់ សំ កេត ( គ្រូសម្ភោរ ) ។
+ បញ្ជាក់បើគោរមងារទី “ ឃុន “ បន្ថែមពាក្យ
“ ចៅ “ នៅពីមុខទៅជា “ ចៅឃុន “
គោរមងារនេះនឹងឡើងខ្ពស់ជាងទី “ ឃុន “
ទទេ ។ ដូចយ៉ាង :
១. ចៅឃុនប្រយូរវង្ស ប៉ាត់
២. ចៅឃុន ប៉ុម ពាង ។
- ពាក្យ « ម៉ម » ជាគោរមងាដែលហ្លួងស្តេចសព្វ
ព្រះរាជហឫទ័យប្រទានឱ្យចំពោះតែស្ត្រី
ដែលជាបាទបរិចារិកានៃហ្លួង ។
គោរមងារ “ ម៉ម “នេះឋានៈ​ខ្ពស់ជាងទី
“ អ្នកម្នាង “ តែទាបជាងទី “ ឃុន “ និង
ប្រើតាំងតែពីរជ្ជកាលបរមបុរាណរាងមក
ដែលមានដូចជា :
១. ម៉ម នូណាម ( រជ្ជកាលហ្លួង ស៊ីសុវត្ថិ )
២. ម៉ម អ៉ីត ( រជ្ជកាលហ្លួង ស៊ីសុវត្ថិ )
៣. ម៉ម ប៉ុង ( រជ្ជកាលហ្លួង មុនីវង្ស )
៤.ម៉ម ឆាវរី ( រជ្ជកាលហ្លួង មុនីវង្ស )
៥. ម៉ម ម៉ានីវ៉ាន់ ផានីវង្ស ឬម៉ម លាវ
( មហេសី ហ្លួង នរោត្តម សីហនុ ) ។ល។
- ពាក្យ « អ្នកម្នាង » ជាគោរមងារថ្នាក់ទី ៥ ក្នុងលំដាប់
ចៅចម ទាំង ៦ថ្នាក់ ។ គោរមងារនេះ
មានប្រើតាំងតែពីបរមបុរាណរាងមក
ទៀតសោតហ្លួងប្រទានចំពោះតែស្ត្រី
ដែលជារាស្ត្រសាមញ្ញ ហើយត្រូវបាន
ហ្លួងលើកជាបាទបរិចារិកា ។ គោរមងារ
ទី “ អ្នកម្នាង “ មានឋានៈទាបជាងទី
“ ម៉ម “ ដែលមានដូចជា :
១. អ្នកម្នាង ក្រប៉ា មាស ( មហេសី អង្គ ដួង )
២. អ្នកម្នាង ខាំ ( មាតាព្រះអង្គម្ចាស់ ស៊ីវត្ថា )
៣. អ្នកម្នាង ប្រាំងវ៉ាង ( មហេសី មុនីវង្ស )
៤. អ្នកម្នាង ស្រម៉ូវ ( មហេសី មុនីវង្ស )
៥. អ្នកម្នាង ប៉ុក វ៉ាណ ( មហេសីសម្តេចក្រុម
ព្រះ ស៊ីសុវត្ថិ មុនីរ៉េត )
៦. អ្នកម្នាង អ៊ុក ផល្លា ( មហេសីសម្តេចក្រុម
ព្រះ នរោត្តម រណឫទ្ធិ ) ។ល។
- នេះជាឆាយាអនុស្សាវរីយ៍ ម៉ម នូ ( ពាក់កន្លាស់ រូបចាបដ៏មានអំណាច ) និងមហេសីមួយអង្គទៀតនៃហ្លួង ស៊ីសុវត្ថិ ។
- ឯកសារយោង ៖ វចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
វចនានុក្រម ពុទ្ធសាសនបណ្ឌិត្យ
- កែរសម្រួលនិងរក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
By: Leak NCee
Image may contain: 2 people, people standing

No comments:

Post a Comment