“ គោរមងារ ចៅជិតចៅចម ទាំងប្រាំមួយថ្នាក់ក្នុងរាជសំណាក់ក្រុងកម្ពុជា នាផែនដីបរមបុរាណជាន់ចាស់ “
• ចៅជិតចៅចម ជាបុរាណពាក្យដែលប្រើក្នុងព្រះបរមរាជវាំង តាំងតែពីរាជ្យសម័យជាន់ចាស់ ។ កន្លងមកខាងគេហទំព័រ Colorise & Old Photos of Cambodia យើងខ្ញុំបានបង្ហោះផ្សាយម្តងរួចហើយ តែថ្ងៃនេះយើងខ្ញុំសូមផ្សាយជូនប្រិយមិត្តអ្នកអាន និងអ្នកសិក្សាស្រាវជ្រាវម្តងទៀតអំពីលំដាប់« ចៅជិតចៅចម » ទាំងប្រាំមួយថ្នាក់ ក្នុងព្រះបរមរាជវាំងខ្មែរ ដែលមានលក្ខណៈ ពិស្តារជាងលើកមុន ។ តើ ចៅជិតចៅចម គឺជាអ្វី ?
- ចៅជិតចៅចម ជារាជស័ព្ទ( ពាក្យក្សត្រ ) សម្រាប់ហៅ ចំពោះរាល់ស្ត្រីដែលមានវង្សត្រកូលជាតិជារាស្ត្រសាមញ្ញ ហើយត្រូវបានហ្លួងសព្វព្រះរាជហឫទ័យតែងតាំងជា បាទបរិចារិកា គឺសម្តៅទៅលើស្ត្រីដែលហ្លួង ទ្រង់រើសយកមកឱ្យធ្វើការងារផ្សេងៗ ឬធ្វើជាជាយា ។ ក្នុងក្បួនព្រះរាជស័ព្ទ នារាជសំណាក់ក្រុងកម្ពុជាធិបតី ចៅជិតចៅចម ចែកជា ៦ថ្នាក់ ដែលមានដូចតទៅ ៖
១. ថ្នាក់ទី ១ គឺ « ព្រះបិយោ ( ប៉ិយោ )» ដែល
មានតំណែងជា “ព្រះបរម” ថ្នាក់ខ្ពស់បំ
ផុត ។ ក្នុងរាជ្យសម្តេច ព្រះហរិរក្សរាមា
ធិបតី ព្រះអង្គ ដួង ថ្នាក់នេះមានតែបួន
អង្គគត់គឺ :
១.១. សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍
អ្នកម៉ែនាង ប៉ែន ( មាតា ហ្លួង នរោត្តម )
ក្រោយមកបានតំឡើងគោរមងារជាទី
« សម្តេចព្រះស្រី សុទ្ធានា ធម្មចរិយា អ្នកម៉ែ
នាង ប៉ែន » ។
១.២. សម្តេចព្រះបិយោ ព្រះបរមអច្ឆរាអក្សរ
អ្នកម៉ែនាង ពៅ ឬ ពូ ( មាតា ហ្លួង
សិរីសុវត្ថិ )
១.៣. សម្តេចព្រះបិយោ ព្រះបរមស្រីកញ្ញា អ្នកម៉ែ
នាង ណុប
១.៤. សម្តេចព្រះបិយោ ព្រះបរមទេវធីតា អ្នកម៉ែ
នាង ពៅ ( ព្រះរៀមបង្កើតរបស់ ព្រះបរម
ជាតិក្សត្រីយ៍ អ្នកម៉ែនាង ប៉ែន )
២. ថ្នាក់ទី ២ គឺ « ព្រះស្នំ » ដែលមានតំណែងជា
“ព្រះម្នាង” ។ ព្រះស្នំ នេះទៀតសោត
បើហ្លួងសព្វព្រះរាជសឫទ័យ នាងណា
ខ្លាំងទ្រង់លើកជាធំ គឺ ឯក នោះបាន
ន័យថានាងនោះគឺជា ព្រះស្នំ ដែល
មានអំណាចលើសអស់ស្នំដទៃៗទៀត
ក្នុងផែនដី ព្រះអង្គ ដួង មានបួនអង្គ
គត់ដែលមានអំណាចក្រៃក្រាស់គឺ :
២.១. ព្រះស្នំឯក អ្នកព្រះនាង ផលទិព្វសុវណ្ណ
( បងស្រីបង្កើតរបស់ ឃុន ថាន់ )
២.២. ព្រះស្នំឯក អ្នកព្រះនាង សុគន្ធរស
២.៣. ព្រះស្នំឯក អ្នកព្រះនាង ពិដោរសយភ័ស្តុ
២.៤. ព្រះស្នំឯក អ្នកព្រះនាង សិរីយសសេយ្យា
៣. ថ្នាក់ទី ៣ គឺ « ព្រះស្រឹង្គារ » ដែលមានតំណែង
ជា “ព្រះម៉ែនាង“ ដែលមាន :
៣.១. ព្រះស្រឹង្គារ ព្រះម៉ែនាង ជាតិកិណ្ណរី
៣.២. ព្រះស្រឹង្គារ ព្រះម៉ែនាង ស្រីកិណ្ណរ៉ា
៣.៣. ព្រះស្រឹង្គារ ព្រះម៉ែនាង កិណ្ណរសោភា
៣.៤. ព្រះស្រឹង្គារ ព្រះម៉ែនាង កិណ្ណរាកៃលាស
៤. ថ្នាក់ទី ៤ គឺ « ព្រះក្រមការ » ដែលមានតំណែង
ជា “ព្រះនាង” ដែលមាន :
៤.១. ព្រះក្រមការ ព្រះនាង នរវីសោភ័ណ
៤.២. ព្រះក្រមការ ព្រះនាង សុវណ្ណសោភា
៤.៣. ព្រះក្រមការ ព្រះនាង សោភម័ង្សា
៤.៤. ព្រះក្រមការ ព្រះ កល្លីយាកេសី ។
៥. ថ្នាក់ទី ៥ គឺ « ព្រះស្រីការ »ដែលមានតំណែងជា
“អ្នកម្នាង” ដែលមាន :
៥.១. ព្រះស្រីការ អ្នកម្នាង លន្ទា ( បុត្រី លោក
ឧកញ៉ា ពិភក្សឥស្សរ៉ា អុីម ចៅហ្វាយខែត្រ
សំរោងទង )
៥.២. ព្រះស្រីការ អ្នកម្នាង មុនីជោត បុស្បា កេត
សារា
៥.៣. ព្រះស្រីការ អ្នកម្នាង ផល ( ប្អូនស្រី ស្ងួន
សូ ) ។
+ ត្រង់ថ្នាក់នេះ យើងអាចហៅ ត្រឹមតែអ្នកម្នាងៗ
ក៏បានពុំចាំបាច់វែងឆ្ងាយឡើយ ។
៦. ថ្នាក់ទី ៦ គឺ « ព្រះកំណាន់ » ដែលមានតំណែង
ជា “អ្នកនាង”
៦.១. ព្រះកំណាន់ អ្នកនាង អុីម
៦.២. ព្រះកំណាន់ អ្នកនាង អេង
៦.៣. ព្រះកំណាន់ អ្នកនាង មាស
៦.៤. ព្រះកំណាន់ អ្នកនាង អុង
- នេះជាឆាយាអនុស្សាវរីយ៍ក្រុមបាទបរិចារិកានៃហ្លួង ថតឆ្នាំ ១៩២៨ ។
- ប្រភព ៖ វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត
វចនានុក្រមពុទ្ធសាសនបណ្ឌិត្យខ្មែរ
Royalark.net និង
សៀវភៅ អ្នកនិពន្ធខ្មែរ ព្រះបាទ អង្គ ដួង ព្រះជីវ
ប្រវត្តិ ស្នាព្រះហស្ថ ( ដោយ លោកសាស្ត្រាចារ្យ
លាង ហាប់អាន )
- ប្រភពរូប ៖ Digital collections
- @រក្សាសិទ្ធិដោយគេហទំព័រ Colorise & Old photos of Cambodia
By: Leak NCee
No comments:
Post a Comment