Friday, August 7, 2020

យល់ដឹងអំពីព្រះឋានៈទី សម្តេច, ព្រះអង្គម្ចាស់

 “ យល់ដឹងអំពីព្រះឋានៈទី សម្តេច, ព្រះអង្គម្ចាស់,អ្នកអង្គម្ចាស់,អ្នកអង្គរាជវង្ស និង កែវ “

• ដោយយើងយកវចនានុក្រមសម្តេចព្រះមហាសង្ឃរាជ ជួន ណាត ជោតញាណោ និងឯកសារក្បួនរាជស័ព្ទ ក្នុងភាសាខ្មែរ ដែលរៀបរៀងដោយលោក ធន់ ហ៊ីន ជាគោល ។ ថ្ងៃនេះគេហទំព័រ Colorise & Old Photos of Cambodia យើងខ្ញុំសូមចុះផ្សាយថ្វាយនិងជូន អំពីព្រះឋានៈទី សម្តេច,ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់,អ្នកអង្គរាជវង្ស និងឋានៈទី កែវ ឱ្យបានជ្រាប ។ សូម សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គរាជវង្ស ចៅជិតចៅចម ម៉មព្រះបរមវង្សានុវង្ស លោក លោកស្រី អ្នកនាងកញ្ញា និងប្រិយមិត្តអ្នក អាន សូមស្តេចយាងទត និងអញ្ជើញទស្សនាដូចតទៅ ៖
១. ឋានៈទី « សម្តេច » ៖ ពាក្យសម្រាប់ប្រើបន្ថែម
លើព្រះនាម ឬលើឋានន្ដនរក្សត្រិយ៍ ,មន្រ្តី
ស័ក្តិខ្ពស់ ឬមន្ត្រីសង្ឃដែលមានបុណ្យ
អំណាច ខ្ពង់ខ្ពស់ក្រៃសម្បើម ។ ឋានៈទី
« សម្តេច » នេះគឺប្រើបានទាំងបុរសនិងស្ត្រី
ទាំងពួងណា ដែលហ្លួងបានតែងតាំង ដែល
មានដូចជា :
១.១. សម្តេចព្រះមហាសុគន្ធាធិបតី ប៉ាន
១.២. សម្តេចពោធិសាលរាជ សឺន ឌៀប
១.៣. សម្តេចចៅហ្វា ច័ន្ទអម្ពរ ( បុត្រីហ្លួង នរោត្តម)
១.៤. សម្តេចព្រះរាជកន្និដ្ឋា នរោត្តម រស្មីសោភ័ណ
១.៥. សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
១.៦. សម្តេចក្រុមឃុន ស៊ីសុវត្ថិ ឌុស្សាឌី
២. ឋានៈទី « ព្រះអង្គម្ចាស់ » ៖ ព្រះឋានៈនេះត្រូវបាន
ប្រទានចំពោះគ្រប់បុត្រទាំងពួងណា ដែល
មានបិតាជាស្តេចគ្រងផែនដី ទោះមាតាជា
ក្សត្រិយ៍ឬរាស្រ្តសាមញ្ញក៏ដោយ ។ បើស្ត្រី
យើងហៅ « ព្រះអង្គម្ចាស់ក្សត្រីយ៍ » បើ
បុរសហៅ « ព្រះអង្គម្ចាស់ក្សត្រា ឬហៅ
ព្រះអង្គម្ចាស់ » ទទេក៏បាន ។ ត្រង់នេះទៀត
សោតបើហ្លួង ស្តេចសព្វព្រះរាជហឫទ័យនឹង
ព្រះញាតិវង្ស អង្គណារួចស្តេចតែងតាំង
ឡើងជាទី « ព្រះអង្គម្ចាស់ » នោះយើង
ក៏អាចហៅបាន ។ ដែលមានដូចជា :
២.១. ព្រះអង្គម្ចាស់ក្សត្រីយ៍ អង្គដួង ចង្កុលណី
( បុត្រី ព្រះបាទអង្គដួង )
២.២. ព្រះម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ សុម្ភឌី ( បុត្រីហ្លួង
ស៊ីសុវត្ថិ )
២.៣. ព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ ( បុត្រា ហ្លួង
នរោត្តម )
២.៤. ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ស៊ីសូដា ( គ្រូ
ល្ខោន និងមហេសីហ្លួង ស៊ីសុវត្ថិ មុនីវង្ស )
២.៥. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស
( ត្រូវបានហ្លួងតំឡើងព្រះឋានៈពីទី « អ្នកអង្គ
ម្ចាស់ » ទៅជាទី « ព្រះអង្គម្ចាស់ » ) ។
២.៦. ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី ( ត្រូវបាន
ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម
សីហនុ ស្តេចតំឡើងឋានៈពីទី « អ្នកម្នាង »
ទៅជាទី « ព្រះអង្គម្ចាស់ក្សត្រីយ៍ » ) ។
៣. ឋានៈទី « អ្នកអង្គម្ចាស់ » ៖ ជាឋានៈហៅចំពោះរាល់
បុត្រាបុត្រី នៃព្រះញាតិវង្សានុវង្សដែល
មាតាបិតាមានឋានៈជាទី « ព្រះអង្គម្ចាស់ »
ឬទី « សម្តេច » ។ ហើយឋានៈនេះហ្លួង
ក៏អាចតំឡើងទៅជាទី ព្រះអង្គម្ចាស់ក៏បាន
ដែលមានដូចជា :
៣.១. អ្នកអង្គម្ចាស់ក្សត្រីយ៍ អង្គដួង សាលីវង្ស
( បុត្រី សម្តេច អង្គដួង ចន្ថាវង្ស )
៣.២. អ្នកអង្គម្ចាស់ក្សត្រីយ៍ អង្គដួង ចិន្ដាវង្ស
( បុត្រី សម្តេច អង្គដួង ចន្ថាវង្ស )
៣.៣. អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សិរីវុឌ្ឍ
( ត្រូវបានហ្លួងតំឡើងឋានៈពីទី «កែវ»
ទៅជាទី « អ្នកអង្គម្ចាស់ » )
៣.៤. អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ជេនណា
( ព្រះនត្តា សម្តេចព្រះមហិស្សរា នរោត្តម
ពង្សចក្រ )
៣.៥. អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ពង្សមុនីរតន៍
ទេវី ( បុត្រីព្រះអង្គម្ចាស់ នរោត្តម ពុទ្ធិពង្ស )
៤. ឋានៈទី « អ្នកអង្គរាជវង្ស » ៖ ជាឋានៈដែលហៅ
ចំពោះរាល់បុត្រាបុត្រី ( មិនចាំបាច់ថែមពាក្យ
ក្សត្រា ឬក្សត្រីយ៍ ពីខាងក្រោយ ) ដែល
មាតាបិតាមានឋានៈជាទី « អ្នកអង្គម្ចាស់ » ។
ដែលមានដូចជា :
៤.១. អ្នកអង្គរាជវង្ស ស៊ីសុវត្ថិ ថៅវរក្ស ( បុត្រាអ្នក
អង្គម្ចាស់ ស៊ីសុវត្ថិ ជិតពង្ស ចៅព្រះអង្គម្ចាស់
ស៊ីសុវត្ថិ លំពង្សឥស្សរា )
៤.២. អ្នកអង្គរាជវង្ស នរោត្តម ដារា ( បុត្រីអ្នកអង្គ
ម្ចាស់ នរោត្តម ធន់ ចៅព្រះអង្គម្ចាស់ នរោត្តម
រ៉ាយ៉ា ) ។
៥. ឋានៈទី « កែវ » ៖ ឋានៈនេះហៅចំពោះរាល់ បុត្រា
បុត្រីទាំងពួងណា ដែលមានមាតាជាត្រកូល
ខិត្តយវង្ស ( ត្រកូលក្សត្រិយ៍ ) ឯបិតាជា
រាស្ត្រសាមញ្ញ ។ តែអាចមានករណីខ្លះ បើ
ហ្លួងសព្វព្រះរាជហឫទ័យតែងតាំងជាទី «
ព្រះអង្គម្ចាស់ ឬអ្នកអង្គម្ចាស់ » គឺយើងត្រូវ
ហៅតាមការប្រទាននោះដែរ ដែលមាន :
៥.១. កែវ ប៉ុន វង្សវតី ( បុត្រាព្រះអង្គម្ចាស់
ក្សត្រីយ៍ នរោត្តម ឆវីវណ្ណ )
៥.២. កែវ ប៉ុន ថាច ( បុត្រីព្រះអង្គម្ចាស់
ក្សត្រីយ៍ នរោត្តម ឆវីវណ្ណ )
+ ចំណាំ : បើឪពុកម្តាយមានឋានៈជា « កែវ » កូនរបស់ កែវ ទាំងនោះគឺចាត់ទុកដូចរាស្ត្រសាមញ្ញ ។
+ ដើម្បីភាពត្រឹមត្រូវ និងចៀសវាងការភាន់ច្រឡំ យើងខ្ញុំអភិបាលគេហទំព័រសូមព្រះរាជទានទោស និងអភ័យទោស នូវរាល់កំហុសអក្ខរាវិរុទ្ធ វិរុទ្ធវាចា ឬព្រះឋានៈណាមួយ ។ សូមសម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គរាជវង្ស ចៅជិតចៅចម ម៉មព្រះបរមវង្សានុវង្ស លោក លោកស្រី អ្នកនាងកញ្ញា និងប្រិយមិត្តអ្នក អាន ស្តេចយាងចូលរួមផ្តល់ជាមតិ និងចូលរួមកែរលម្អ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាតរភាព ដើម្បីទទួលបាន ពត៌មានពិតប្រាកដ ឬ សច្ចពុទ្ធិ ទាំងអស់គ្នា ។ សូមអរព្រះគុណនិងសូមអរគុណ ។
- នេះគឺជាឆាយាល័ក្ខណ៍អនុស្សាវរីយ៍ នៃព្រះបរមវង្សានុវង្សខ្មែរមួយអង្គ ។
- ប្រភពរូប ៖ gallica.bnf.fr
- @ស្រាវជ្រាវនិងរក្សាសិទ្ធិដោយគេហទំព័រ Colorise & Old Photos of Cambodia
By : Leak NCee
Image may contain: one or more people and outdoor


No comments:

Post a Comment