Friday, August 7, 2020

រាយព្រះនាម និងនាមនៃព្រះបរមវង្សានុវង្សខ្មែរខ្សែ ស៊ីសុវត្ថិ ទាំង ៣៥អង្គ

 " រាយព្រះនាម និងនាមនៃព្រះបរមវង្សានុវង្សខ្មែរខ្សែ ស៊ីសុវត្ថិ ទាំង ៣៥អង្គ/នាក់ ដែលសុគត និងអនិច្ចកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យ "

• ដើម្បីរំឭកនិងជាការចង់ចាំដល់ថ្ងៃដ៏មហាជូរចត់ក្នុងប្រវត្តិព្រះរាជពង្សាវតាខ្មែរនៅថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ គឺជាថ្ងៃជ័យជំនះដ៏មហាលោតផ្លោះ នៃរបបកម្ពុជាប្រជាធិបតេយ្យដែលបានដឹកនាំប្រទេសឱ្យធ្លាក់ចូលរណ្តៅដ៏ខ្មៅងងឹត ។ អាយុជីវិតនៃឥស្សរជនជាន់ខ្ពស់ដែលធ្លាប់មានប្រវត្តិតស៊ូហ៊ានបូជាសាច់ឈាមដើម្បីការពារជាតិមាតុភូមិ និងព្រះញាតិវង្សានុវង្សខ្មែរ មិនខុសពីប្រជាជនស្លូតត្រង់ខ្មែរ ដទៃទៀតនៅទូទាំងប្រទេសនោះទេ គឺត្រូវបានទាហានឈុតខ្មៅនៃរបបផ្តាច់ការនេះ កម្ទេចចោលទាំងអស់ ។ ខាងក្រោមនេះគឺជាព្រះនាមនិងនាមនៃព្រះបរមវង្សានុវង្សខ្មែរខ្សែ ស៊ីសុវត្ថិទាំង ៣៥អង្គ/នាក់ ដែលសុគតដោយការធ្វើគត់ និងមានរោគាសុគតនៅក្នុងរបបនេះ ។ យើងខ្ញុំសូមធ្វើការផ្សាយថ្វាយ និងជូនដោយរៀបរាប់ត្រួសៗ សូមសម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រីយ៍ លោក លោកស្រី អ្នកនាងកញ្ញា និងប្រិយមិត្តអ្នកអានអញ្ជើញយាងទត និងទស្សនាដូចតទៅ ៖
+ ព្រះរាជបុត្រាបុត្រីហ្លួង មុនីវង្ស មាន ១៣អង្គ/នាក់ ៖
១. សម្តេចព្រះរៀម ស៊ីសុវត្ថិ ថាវ៉េតរង្សី នារីវង្ស ( សុគតនៅកំពង់ចាម ឆ្នាំ ១៩៧៦ )
២. សម្តេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត ( ព្រះអង្គជាព្រះស្ថាបនិក កងយុទ្ធពលខេមរភូមិន្ទ សុគតដោយរោគទឹកនោមផ្អែម នៅកំពង់ចាម ខែសីហា ឆ្នាំ ១៩៧៥ )
៣. សម្តេចព្រះរាជធីតា ស៊ីសុវត្ថិ សុភាពនារីរក្ស ( ខ្មែរក្រហមចាប់ធ្វើគត់ នៅឆ្នាំ ១៩៧៥ )
៤. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្សរៈ ( ជាអតីតមេបញ្ជាការជាន់ខ្ពស់កងយុទ្ធពលខេមរភូមិន្ទ សុគត ១៧ មេសា ១៩៧៥ )
៥. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ពង្សតារារក្ស ( អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ សុគតឆ្នាំ ១៩៧៥ )
៦. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វង្សមុនី ( សុគតឆ្នាំ ១៩៧៥ )
៧. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីជីវន្ត័ ( អតីតមេបញ្ជាការកងទ័ពអាកាសភូមិន្ទខ្មែរ សុគតឆ្នាំ ១៩៧៥ )
៨. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ដួងជីវិន ( ព្រះញាតិវង្សដែលប្រកាសខ្លួនចេញពីខ្សែព្រះញាតិវង្ស និងជាអតីតនាយករដ្ឋមន្ត្រីរបបសាធារណរដ្ឋខ្មែរ ខ្មែរក្រហមធ្វើគត់នៅវត្តកោះ ១៧ មេសា ១៩៧៥ )
៩. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ពង្សតារារក្ស ( រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ សុគតឆ្នាំ ១៩៧៥ )
១០. ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ សុដារង្សី ( សុគត ១៩៧៥ )
១១. ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ សមន្តរាជ្យ ( សុគត ១៩៧៥ )
១២. ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ សាមន្តរាជ្យពង្សា ( សុគតនៅបាត់ដំបង ១៧ មេសា ១៩៧៥ )
១៣. ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ភួងមុនី ( សុគតឆ្នាំ ១៩៧៥ )
+ ព្រះបុត្រាបុត្រី សម្តេចក្រុមព្រះ មុនីរ៉េត មាន ៤ អង្គ ៖
១៤. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉េតណារ៉ា ( ជារដ្ឋមន្ត្រីក្រសួងការបរទេស សុគតឆ្នាំ ១៩៧៥ )
១៥. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រក្សមុនី ( ជាមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ សុគតឆ្នាំ ១៩៧៥ )
១៦. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ពង្សមុនី ( សុគតឆ្នាំ ១៩៧៥ )
១៧. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ វណ្ណារ៉េត ( បុត្រីចិញ្ចឹមរបស់សម្តេចក្រុមព្រះ សុគតឆ្នាំ ១៩៧៥ )
+ ព្រះបុត្រាបុត្រីសម្តេចក្រុមហ្លួង មុនីពង្ស មាន ៨ អង្គ ៖
១៨. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីស៊ីសុវត្ថិ មុនីពង្ស ( ហៅម្ចាស់ ពីលូ សុគតឆ្នាំ ១៩៧៥ )
១៩. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រីមុនី ( សុគត ឆ្នាំ ១៩៧៥ )
២០. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ដួងតារាវង្ស ( សុគត ១៩៧៥ )
២១. ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ មុនីពង្សា ( សុគត ឆ្នាំ ១៩៧៥ )
២២. ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សស៊ីរីយ៉ា ( ហៅម្ចាស់ អូឡេវ សុគតឆ្នាំ ១៩៧៥ )
២៣. ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ មុនីសុភាពនារី ( សុគតឆ្នាំ ១៩៧៥ )
២៤. ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ស៊ីវីម៉ាន ( សុគត ឆ្នាំ ១៩៧៥ )
២៥. ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ប៉ុណ្ណារីរត្ន័ ( សុគតឆ្នាំ ១៩៧៥ )
+ បុត្រាបុត្រី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស មាន ៣ អង្គ ៖
២៦. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វណ្ណូរក្ស ( សុគត ១៩៧៦ )
២៧. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចន្ទរ៉ាវីដ ( សុគត ១៩៧៦ )
២៨. ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ឆវីសុភា ( សុគត ឆ្នាំ ១៩៧៦ )
+ ខ្សែ ស៊ីសុវត្ថិ ដែលជាឥស្សរៈជន
២៩. ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ( ឧត្តមសេនីយ៍ឯក នៃរបបសាធារណរដ្ឋខ្មែរ សុគត ២១ មេសា ឆ្នាំ ១៩៧៥ ដោយខ្មែរក្រហមធ្វើគត់យ៉ាងព្រៃផ្សៃ )
៣០. អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ លីឆវី ( បុត្រា ទ្រង់ សិរិមតៈ សុគត ២១ មេសា ឆ្នាំ ១៩៧៥ )
៣១. សម្តេច ស៊ីសុវត្ថិ សីហនុ មេធាវី ( សុគតខែវិច្ឆិកា ឆ្នាំ ១៩៧៨ )
៣២. ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ណាណែត មេធាវី ( សុគតខែវិច្ឆិកា ឆ្នាំ ១៩៧៨ )
៣៣. ឃុនព្រះម៉ែម្នាង មាឃ ( ជាមហេសីហ្លួង មុនីវង្ស អនិច្ចកម្មនៅបាត់ដំបង ឆ្នាំ ១៩៧៨ )
៣៤. អ្នកម្នាង ប៉ុក វ៉ាណេ ( ឬ ប៉ុក វ៉ាន ជាមហេសីសម្តេចក្រុមព្រះមុនីរ៉េត សុគតឆ្នាំ ១៩៧៥ )
៣៥. អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ូរក្ខស៊ី ( បញ្ញាវ័ន្ដខ្មែរ ជាអ្នកនិពន្ធសៀវភៅ « បរិវាស័ព្ទក្នុងភាសាខ្មែរ » សុគត ១៩៧៥ ) ។
- ទូលព្រះបង្គំជាខ្ញុំ អភិបាលគេហទំព័រ សូមថ្វាយព្រះរាជអាល័យ និងចូលរួមរំលែកសេចក្តីទុក្ខចំពោះព្រះបរមវង្សានុវង្សព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់នៅទូទាំងព្រះនគរដែលបានសុគត និងអនិច្ចកម្មក្នុងរបបដ៏ខ្មៅឫស្យានេះ ។ សូមព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធ បងប្អូនប្រជាពលរដ្ឋខ្មែរ បានយាងទៅកាន់នឹងទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។ ចំពោះអត្ថបទក្រោយយើងខ្ញុំនិងផ្សាយជូនអំពីព្រះនាម និងនាមនៃ ព្រះខិត្តិយវង្សានុវង្សខ្មែរខ្សែខាង « នរោត្តម » វិញម្តង ។
- ខាងលើនេះជាឆាយាអនុស្សាវរីយ៍នៃ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ូរក្ខស៊ី ។
- ប្រភព ៖ Royalark.net
កិច្ចស្រាវជ្រាវរបស់ក្រុម ព្រះសុរិយា រៀបរៀង
និងអធិប្បាយដោយ វីរៈវ៉ារ៉ានី ។
- @រក្សាសិទ្ធិដោយគេហទំព័រ ៖ Colorise & Old Photos of Cambodia
- By: Leak NCee
Image may contain: one or more people

No comments:

Post a Comment